រុស្ស៊ីព្រមានអាមេរិក អំពីហានិភ័យនៃសង្គ្រាមលោកលើកទី៣

បរទេស ៖ រុស្ស៊ីបាននិយាយថា លោកខាងលិចកំពុងប្រលែងលេងជាមួយភ្លើងដោយពិចារណាអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលរបស់លោកខាងលិច ហើយបានព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី២៧ សីហាឆ្នាំ២០២៤ថា «សង្រ្គាមលោកលើកទី៣ នឹងមិនកម្រិតត្រឹមទ្វីបអឺរ៉ុបទេ»។

អ៊ុយក្រែន​បាន​វាយ​ប្រហារ​តំបន់ Kursk ភាគ​ខាង​លិច​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ២០២៤ហើយ​បាន​ដណ្តើមយកទឹកដី​មួយ​ចំណែក​នៅក្នុង​ការ​វាយ​ប្រហារ​បរទេស​ដ៏​ធំ​បំផុត​លើ​រុស្ស៊ី​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២មក។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា«នឹងមានការឆ្លើយតបដ៏ស័ក្តិសមពីរុស្ស៊ីចំពោះការវាយប្រហារនេះ»។

លោក Sergei Lavrov ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសរបស់ពូទីនអស់រយៈពេលជាង ២០ ឆ្នាំបាននិយាយថា លោកខាងលិចកំពុងស្វែងរកការបង្កើនសង្គ្រាមនៅអ៊ុយក្រែន ហើយកំពុង «ស្នើសុំបញ្ហា»ដោយពិចារណាលើសំណើរបស់អ៊ុយក្រែនដើម្បីបន្ធូរបន្ថយការទប់ស្កាត់ការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយបរទេស។

ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២ លោកពូទីនបានព្រមានម្តងហើយម្តងទៀតអំពីហានិភ័យនៃសង្រ្គាមលាតសន្ធឹងរាលដាល ដែលពាក់ព័ន្ធនឹងប្រទេសមហាអំណាចនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ទោះបីជាលោកបាននិយាយថារុស្ស៊ីមិនចង់បានជម្លោះជាមួយសម្ព័ន្ធមិត្តណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកក៏ដោយ។

លោក Lavrov បានប្រាប់អ្នកកាសែតនៅទីក្រុងមូស្គូថា «ឥឡូវនេះ យើងកំពុងបញ្ជាក់ជាថ្មីម្តងទៀតថា ការលេងជាមួយភ្លើង ដូចក្មេងតូចលេងជាមួយឈើគូសចឹងដែរ គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់អ៊ំពូមីង ដែលជឿទុកចិត្តលើអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសមួយ ឬប្រទេសលោកខាងលិចផ្សេងទៀត»។

លោក Lavrov បាននិយាយថា «ជនជាតិអាមេរិកបានផ្សារភ្ជាប់ការសន្ទនាយ៉ាងច្បាស់អំពីសង្គ្រាមលោកលើកទី ៣ជាអ្វីដែលព្រះជាម្ចាស់ហាមឃាត់ ប្រសិនបើវាកើតឡើង នឹងប៉ះពាល់ដល់អឺរ៉ុបទាំងមូល»។ លោក Lavrov បន្ថែមថារុស្ស៊ីកំពុង «បញ្ជាក់»គោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន។

គោលលទ្ធិនុយក្លេអ៊ែរឆ្នាំ ២០២០ របស់រុស្ស៊ីបានកំណត់ថា នៅពេលណាដែលប្រធានាធិបតីរបស់ខ្លួនពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរយ៉ាងទូលំទូលាយជាការឆ្លើយតបទៅនឹងការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកផ្សេងទៀត ឬអាវុធសាមញ្ញ «នោះគឺជានៅពេលដែលអត្ថិភាពនៃរដ្ឋត្រូវបានគំរាមកំហែង»៕(ប្រែសម្រួលសដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *