នាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួនជុំវិញការស៊ើបអង្កេតអំពីកម្មវិធីអាសអាភាសកុមារ និងការជួញដូរគ្រឿងញៀន

បារាំង​ ៖ រដ្ឋអាជ្ញាបារាំងបាននិយាយកាលពីថ្ងៃចន្ទ ទី២៦ សីហាឆ្នាំ២០២៤ថា លោក Pavel Durov ស្ថាបនិកកម្មវិធីផ្ញើសារ Telegram កើតនៅប្រទេសរុស្សី ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មទាក់ទងនឹងរូបភាពអាសអាភាសកុមារ ការជួញដូរគ្រឿងញៀន និងប្រតិបត្តិការគៃបន្លំនៅលើវេទិកានេះ។

ប្រធានាធិបតីបារាំងលោក អេមម៉ានូអែល ម៉ាក្រុង ដែលធ្វើការបញ្ជាក់ជាផ្លូវការជាលើកដំបូងនៃការចាប់ខ្លួនលោកDurov ចាប់តាំងពីគាត់ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Le Bourget នៅខាងក្រៅទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃសៅរ៍ បាននិយាយថា «មិនមានចេតនានយោបាយក្នុងការចាប់ខ្លួននោះទេ ទោះបីជាមានមតិមិនពិតជាច្រើនតាមអ៊ីនធឺណិតក៏ដោយ»។ លោក​បាន​បន្ថែម​ថា «ប្រទេស​បារាំង​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ស្រប​ច្បាប់»។

លោកម៉ាក្រុងបានសរសេរនៅលើ X ថា «ការចាប់ខ្លួនប្រធាន Telegram នៅលើទឹកដីបារាំងបានធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងដំណើរការរបស់តុលាការ»។

នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ រដ្ឋអាជ្ញាក្រុងប៉ារីស Laure Beccuau បាននិយាយថា Durov ត្រូវបានចាប់ខ្លួនជាផ្នែកមួយនៃការស៊ើបអង្កេតលើបុគ្គលដែលមិនបញ្ចេញឈ្មោះដែលបើកដោយអង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ការិយាល័យស៊ើបអង្កេតកាលពីថ្ងៃទី ៨ ខែកក្កដា។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការស៊ើបអង្កេតលើការសង្ស័យថាមានភាពស្មុគស្មាញនៅក្នុងឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងដំណើរការប្រព័ន្ធអនឡាញដែលអនុញ្ញាតឱ្យមានប្រតិបត្តិការខុសច្បាប់ ដូចជារូបភាពអាសអាភាសរបស់កុមារការជួញដូរគ្រឿងញៀន និងការក្លែងបន្លំ ក៏ដូចជាការបដិសេធក្នុងការប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្តល់សេវាគ្រីបតូ (លុយអេឡិចត្រូនិច) ដល់ឧក្រិដ្ឋជន។ 

សេចក្តីថ្លែងការណ៍បានបន្ថែមថា Durov អាចត្រូវបានឃាត់ខ្លួនរហូតដល់ថ្ងៃពុធ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចទាក់ទងមេធាវីតំណាងឱ្យលោក Durov បានទេ។

Telegram គឺជាកម្មវិធីផ្ញើសារ និងប្រព័ន្ធបណ្តាញសង្គមដ៏ពេញនិយមស្រដៀងទៅនឹង WhatsApp ។ កម្មវិធីនេះមានអ្នកប្រើប្រាស់ជិត ១ ពាន់លាននាក់ មានឥទ្ធិពលជាពិសេសនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងសាធារណរដ្ឋនៃអតីតសហភាពសូវៀត៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *