បរទេស ៖ ក្រុមហេសប៊ូឡាបានបាញ់រ៉ុក្កែត និងបង្ហោះដ្រូនរាប់រយគ្រឿងទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ សីហា ឆ្នាំ២០២៤ ខណៈយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលីបង់ជាមួយនឹងយន្តហោះចម្បាំងប្រមាណ ១០០ គ្រឿង ដើម្បីរារាំងការវាយប្រហារធំណាមួយ នៅក្នុងការប៉ះទង្គិចដ៏ធំបំផុតមួយក្នុងសង្គ្រាមព្រំដែនជាង ១០ ខែមកនេះ។
មីស៊ីលឃើញហោះពេញមេឃទាំងព្រឹកព្រលឹមជាមួយផ្សែងខ្មៅវែងដេញពីក្រោយ ខណៈសំឡេងស៊ីរ៉ែនអំពីការវាយលុកតាមអាកាសបានបន្លឺឡើងនៅក្នុងប្រទេសអ៊ីស្រាអែល និងការបំផ្ទុះពីចម្ងាយបានបំភ្លឺជើងមេឃ ខណៈដែលផ្សែងហុយពីលើផ្ទះសម្បែងនានានៅតំបន់ Khiam ភាគខាងត្បូងប្រទេសលីបង់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កាលពីល្ងាចថ្ងៃអាទិត្យ ស៊ីរ៉ែនបានបន្លឺឡើងនៅតំបន់ Rishon Letsiyon ភាគកណ្តាលប្រទេសអ៊ីស្រាអែល ហើយបានបន្ថែមថា មីស៊ីលមួយគ្រាប់ត្រូវបានកំណត់រកឃើញឆ្លងកាត់ពីភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានធ្លាក់នៅក្នុងតំបន់ទីវាល។ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែត «M90»ទៅកាន់ទីក្រុង Tel Aviv ។
រាល់ការផ្ទុះអាវុធសំខាន់ៗនៅក្នុងការប្រយុទ្ធដែលបានចាប់ផ្តើមស្របគ្នាជាមួយនឹងសង្គ្រាមនៅហ្គាហ្សាគឺប្រថុយឈានទៅរកការផ្ទុះសង្គ្រាមក្នុងតំបន់ ដែលអាចទាញចូលនូវអ្នកគាំទ្ររបស់ក្រុមហេសប៊ូឡាគឺអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក។
ជាមួយនឹងការស្លាប់បីនាក់ត្រូវបានបញ្ជាក់នៅក្នុងប្រទេសលីបង់ និងម្នាក់នៅអ៊ីស្រាអែល ភាគីទាំងពីរបានបង្ហាញថាពួកគេរីករាយក្នុងការជៀសវាងការកើនឡើងកម្តៅបន្ថែមទៀតសម្រាប់ពេលនេះ ប៉ុន្តែបានព្រមានថាអាចមានការវាយប្រហារបន្ថែមទៀតនៅពេលខាងមុខ។
មេដឹកនាំក្រុមហេសប៊ូឡាលោក Sayyed Hassan Nasrallah បាននិយាយថា ការបាញ់ស្រោចរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលជាការសងសឹកចំពោះការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់ Fuad Shukr កាលពីខែមុន គឺសម្រេចបាន«តាមការគ្រោងទុក»។
ទោះយ៉ាងណាក៏ដោយ ក្រុមហេសប៊ូឡានឹងវាយតម្លៃផលប៉ះពាល់នៃការវាយប្រហាររបស់ខ្លួន ហើយ «ប្រសិនបើលទ្ធផលមិនគ្រប់គ្រាន់ទេ នោះយើងរក្សាសិទ្ធិក្នុងការឆ្លើយតបម្តងទៀត»។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបាននិយាយថា ប្រទេសនេះមិនស្វែងរកសង្រ្គាមពេញលេញទេ ប៉ុន្តែនាយករដ្ឋមន្ត្រីBenjamin Netanyahu បានព្រមានថា«នេះមិនមែនជាចុងបញ្ចប់នៃសាច់រឿងនោះទេ»។
មុននេះ លោក Netanyahu បាននិយាយថា «យើងប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីការពារប្រទេសរបស់យើង… អ្នកណាធ្វើបាបយើង យើងនឹងធ្វើបាបគេវិញ»៕(ប្រែសម្រួលដោយ លោកសំណាង)