កូរ៉េខាងត្បូង ៖ អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រទី ២៣ ខែសីហាឆ្នាំ២០២៤នេះថា មនុស្ស ៧ នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអគ្គិភ័យនៅសណ្ឋាគារមួយក្នុងប្រទេសកូរ៉េខាងត្បូង។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គិភ័យបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងបន្ទប់មួយនៅជាន់ទីប្រាំបីនៃសណ្ឋាគារក្នុងទីក្រុង Bucheon ស្ថិតនៅចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីភាគខាងលិចទីក្រុងសេអ៊ូល។
ក្រសួងបាននិយាយថា មូលហេតុនៃអគ្គិភ័យដែលបានពន្លត់ប្រហែលបីម៉ោងក្រោយពីវាចាប់ផ្តើម នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយបន្ថែមថាមនុស្សបីនាក់បានរងរបួសធ្ងន់។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់ទីក្រុងសេអ៊ូល បានឱ្យដឹងថា សណ្ឋាគារកម្ពស់ប្រាំបួនជាន់នេះមាន៦៤ បន្ទប់ និងភ្ញៀវចំនួន ២៧ នាក់ស្នាក់នៅទីនោះនៅពេលដែលអគ្គិភ័យបានឆាបឆេះ។
ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ខណៈភ្លើងមិនបានរាលដាលសន្ធោសន្ធៅនៅក្នុងអគារ ផ្សែងដែលវាបង្កើតឡើងបាននាំឱ្យមានមនុស្សស្លាប់ និងរបួស។
កាលពីខែមិថុនា មនុស្ស ២៣ នាក់បានស្លាប់នៅក្នុងអគ្គិភ័យដ៏ធំមួយនៅឯរោងចក្រថ្មពិលរបស់កូរ៉េខាងត្បូង ដែលជាគ្រោះមហន្តរាយរោងចក្រដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕(ប្រែសម្រួលដោយលោកសំណាង)