អង់គ្លេស ៖ កងពន្លត់អគ្គិភ័យអ៊ីតាលីបាននិយាយថា សាកសពចំនួន ៤ នាក់ត្រូវបានរកឃើញកាលពីថ្ងៃពុធ ទី២១ សីហាឆ្នាំ២០២៤ ពីការបំណែកនាវាលិចដែលជាកម្មសិទ្ធិរបស់ភរិយារបស់មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស Mike Lynch ដោយបន្ថែមថា ពួកគេកំពុងបន្តស្វែងរកអ្នកបាត់ខ្លួនពីរនាក់ទៀត។
សាកសពត្រូវបាននាំយកមកច្រាំងតាមទូកជួយសង្គ្រោះ ហើយបានយកទៅមន្ទីរពេទ្យក្បែរនោះដើម្បីកំណត់អត្តសញ្ញាណជាផ្លូវការ។ អាជ្ញាធរមូលដ្ឋានបានបដិសេធមិនផ្តល់ព័ត៌មានណាមួយអំពីអ្នកដែលពួកគេបានរកឃើញទេ។
សារព័ត៌មាន Daily Telegraph របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា អ្នកស្លាប់ពីរនាក់គឺលោក Lynch និងកូនស្រីអាយុ ១៨ ឆ្នាំរបស់គាត់ខណៈដែលកងសង្គ្រោះ Corriere della Sera របស់អ៊ីតាលីបាននិយាយថា សាកសពតែមួយគត់ដែលត្រូវបានកំណត់អត្តសញ្ញាណរហូតមកដល់ពេលនេះគឺជាធនាគារិក Morgan Stanley គឺលោកJonathan Bloomer និងមេធាវីអាមេរិក ឈ្មោះ Chris Morvillo ។
ភរិយារបស់លោក Bloomer ឈ្មោះ Judy និងភរិយារបស់លោក Morvillo ឈ្មោះ Neda ក៏បានបាត់ខ្លួនផងដែរនៅពេលដែលនាវា Bayesian ដែលមានទង់ជាតិអង់គ្លេស ដែលដឹកមនុស្ស ២២ នាក់ ត្រូវបានវាយប្រហារដោយព្យុះដ៏កាចសាហាវកាលពីថ្ងៃចន្ទ ហើយបានលិច។
លោក Lynch អាយុ ៥៩ ឆ្នាំគឺជាសហគ្រិនបច្ចេកវិទ្យាដ៏ល្បីល្បាញម្នាក់របស់ចក្រភពអង់គ្លេស ហើយបានអញ្ជើញមិត្តភក្តិឱ្យចូលរួមជាមួយគាត់នៅលើនាវាដ៏ប្រណីតដើម្បីអបអរសាទរការដោះលែងគាត់នាពេលថ្មីៗនេះនៅក្នុងរឿងក្តីកេងបន្លំនៅសហរដ្ឋអាមេរិក។
នាវា Bayesian ប្រវែង ៥៦ ម៉ែត្របានបោះយុថ្កាក្បែរកំពង់ផែ Sicilian នៃទីក្រុង Porticello នៅពេលដែលព្យុះបានវាយប្រហារ ហើយសាក្សីបាននិយាយថា វាបានបាត់នៅក្រោមរលកក្នុងរយៈពេលប៉ុន្មាននាទី ដែលធ្វើឱ្យអ្នកជំនាញខាងកងទ័ពជើងទឹកមានការងឿងឆ្ងល់ដែលបាននិយាយថា កប៉ាល់បែបនេះត្រូវបានគេសន្មត់ថាមានឧបករណ៍ទំនើបៗ និង លក្ខណៈសុវត្ថិភាព គួរតែអាចទប់ទល់នឹងអាកាសធាតុបែបនេះបាន។
ទូកកប៉ាល់នេះដេកនៅចំហៀងខ្លួនក្នុងជម្រៅប្រហែល ៥០ ម៉ែត្រ ដែលទំនងជានៅដដែល៕(ប្រែសម្រួលដោយលោកសំណាង)