មន្ត្រីអ.ស.ប​ និយាយថា មានតែសេចក្តីស្លាប់ទេដែល «ប្រាកដប្រជា»សម្រាប់ប្រជាជនហ្គាហ្សា

បរទេស ៖ រៀបរាប់ពីភាពអស់សង្ឃឹមដែលកំពុងកើនឡើងនៅទូទាំងទឹកដីហ្គាហ្សា មន្ត្រីអង្គការសហប្រជាជាតិ(អ.ស.ប)បាននិយាយកាលពីថ្ងៃអង្គារ ទី២០ សីហាឆ្នាំ២០២៤ថា ក្នុងតំបន់ហ្គាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ការស្លាប់ហាក់បីដូចជា «ភាពប្រាកដប្រជាតែមួយគត់» សម្រាប់ប្រជាជនប៉ាឡេស្ទីន ២,៤លាននាក់ ដោយគ្មានផ្លូវគេចផុតពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល។

លោកស្រី Louise Wateridge អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ដែលគេស្គាល់ថា UNRWA បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ពីហ្គាហ្សាថា «វាមានអារម្មណ៍ដូចជាមនុស្សកំពុងរង់ចាំសេចក្តីស្លាប់។ ការស្លាប់ហាក់ដូចជារឿងប្រាកដប្រជាមួយនៅក្នុងស្ថានភាពនេះ»។

អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ លោកស្រី Wateridge បានស្ថិតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប មើលឃើញពីវិបត្តិមនុស្សធម៌ ការភ័យខ្លាចនៃសេចក្តីស្លាប់ និងការរីករាលដាលនៃជំងឺ ខណៈសង្រ្គាមកំពុងបន្តផ្ទុះ។

លោកស្រី Wateridge បាននិយាយពីតំបន់ Nuseirat ស្ថិតនៅភាគកណ្តាលតំបន់ហ្គាហ្សា ដែលជាគោលដៅទូទៅនៃការវាយលុកតាមអាកាសរបស់អ៊ីស្រាអែលថា «គ្មានកន្លែងណានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបមានសុវត្ថិភាពនោះទេ វាពិតជាគ្មានសុវត្ថិភាពនោះទេ។ វាពិតជាបំផ្លិចបំផ្លាញណាស់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *