ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០ នាក់ត្រូវបានបញ្ជាក់ថាស្លាប់កាលពីថ្ងៃចន្ទទី១៩ សីហា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគកណ្តាលប្រទេសចិនកាលពីចុងខែកក្កដា។
មានមនុស្ស ១៥ នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅក្នុងទីក្រុង Zixing ក្នុងខេត្ត Hunan របស់ចិន។ នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV ។
CCTV បាននិយាយថា «ភូមិរដ្ឋបាលទាំងអស់នៅក្នុងតំបន់រងគ្រោះដោយគ្រោះមហន្តរាយនៃទីក្រុង Zixing អាចទទួលបាននូវផ្លូវថ្នល់ អគ្គិសនី ទំនាក់ទំនង និងទឹក។អ្នកស្រុកដែលរងផលប៉ះពាល់ បានតាំងទីលំនៅត្រឹមត្រូវ ហើយការកសាងឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ»។
ភ្លៀងធ្លាក់ខ្លាំងតាំងពីចុងខែកក្កដា ត្រូវបានបង្កឡើងដោយព្យុះទីហ្វុង Gaemi ដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីននិងតៃវ៉ាន់ បោកបក់មកលើដីគោកក្នុងប្រទេសចិន ដោយបានបោកបក់លើតំបន់ភ្នំខ្ពស់ៗ និងតំបន់ដាច់ស្រយាលនៃខេត្ត Hunan។
អាជ្ញាធរបានជម្លៀសមនុស្សជិត ៣០០.០០០ នាក់ និងបានផ្អាកការដឹកជញ្ជូនសាធារណៈនៅទូទាំងភាគខាងកើតប្រទេសចិនកាលពីខែមុន។ ចិនបានទទួលរងនូវរដូវក្តៅខ្លាំង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងពាសពេញភាគខាងកើត និងខាងត្បូង ហើយភាគច្រើននៃភាគខាងជើងបានឡើងកំដៅជាបន្តបន្ទាប់។
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Shaanxi ភាគខាងជើងកាលពីខែមុនបានបណ្តាលឱ្យស្ពានផ្លូវហាយវេមួយដួលរលំ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់៕(ប្រែសម្រួលដោយ លោកសំណាង)