នាយករដ្ឋមន្ត្រីផែតុងតាន ប្តេជ្ញាជំរុញជីវភាពប្រជាជនឱ្យប្រសើរ

ថៃ​ ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ផែតុងតាន ស៊ីណាវ៉ាត់ បានប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពរបស់ប្រជាជន ហើយនិយាយថា លោកស្រីនឹងទទួលដំបូន្មានពីឪពុកជាអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ។

លោកស្រីផែតុងតានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដំបូង បន្ទាប់ពីត្រូវបានតែងតាំងនៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២៤ថា «ប៉ុន្តែមិនមែនគ្រប់ពេលទេ ព្រោះវាមិនអាចទៅរួច។ ខ្ញុំជាបុគ្គលខ្លួនខ្ញុំ ហើយ… ខ្ញុំមានគោលដៅរបស់ខ្ញុំដែលខ្ញុំចង់សម្រេចបានសម្រាប់អនាគត»។

លោកស្រីផែតុងតានអាយុ ៣៧ ឆ្នាំគឺជាមេដឹកនាំគណបក្សភឿថៃ ដែលកំពុងកាន់អំណាច និងជាកូនស្រីពៅរបស់មហាសេដ្ឋីដ៏មានអំណាច ដែលបានដឹកនាំប្រទេសមួយរយៈពេលពីឆ្នាំ២០០១។

លោកស្រីផែតុងតានបាននិយាយថា ខណៈមិនមានគម្រោងសម្រាប់ឪពុកក្នុងការកាន់តំណែងផ្លូវការណាមួយនៅក្នុងរដ្ឋាភិបាលនោះ លោកស្រីនឹងសុំប្រឹក្សាយោបល់ពីគាត់ ក៏ដូចជាក្រុមគ្រួសាររបស់លោកស្រី និងអ្នកដែលលោកស្រីគោរព។

លោក​ស្រី​បាន​បន្ត​ថា​ «ចក្ខុវិស័យ​របស់​គាត់​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​អស់​រយៈពេល​ជាង​ ១០ ឆ្នាំ​មក​ហើយ​… ដូច្នេះ​ហើយ​វា​ជា​រឿង​ជៀស​មិន​រួច​ទេ ដែល​នាងខ្ញុំ​ត្រូវ​សុំ​យោបល់​ពី​គាត់​»។

លោកស្រីផែតុងតានគឺជា​មនុស្ស​វ័យក្មេង​បំផុត​ដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​។ ម្តាយ​កូន​ពីរ​រូបនេះក៏​ជា​នាយក​រដ្ឋមន្ត្រី​ស្រីទី​ពីរ​របស់​ប្រទេស និង​ជា​ត្រកូលស៊ីណាវ៉ាត់ទី​បី​ដែល​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​ម្តាយមីង​របស់​លោកស្រី​ គឺយីងឡាក់ និង​ឪពុក​ ថាក់ស៊ីន ដែល​បាននិរទេស​ខ្លួនបន្ទាប់ពី​រដ្ឋប្រហារ​យោធា។

លោកស្រីសង្ឃឹមថាការដឹកនាំរបស់លោកស្រីនឹងមិនជួបជោគវាសនាដូចគ្នាទៅចុះ។ លោកស្រីបានឆ្លើយ​នឹង​សំណួរ​មួយ​ពី​កាសែត The Straits Times យ៉ាងដូច្នេះថា «ខ្ញុំរំពឹងថារដ្ឋាភិបាលរបស់ខ្ញុំនឹងខ្លាំងបំផុត។ ជា​ការ​ពិត​ណាស់ ខ្ញុំ​ត្រូវ​តែ​សម្លឹងមើល​ទៅភាពភ្លឺត្រចះត្រចង់»។

លោកស្រីបាន​បន្ថែម​ថា​ «ខណៈ​ខ្ញុំ​មិន​មាន​គម្រោង​ទទួល​យក​តួនាទី​នេះ​ពី​ដំបូង ខ្ញុំ​ចង់​ធានា​ដល់​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ និង​មានការ​តាំង​ចិត្ត​ខ្ពស់។យើងត្រូវមើលគោលដៅ។ ប្រសិនបើ​យើង​អង្គុយ​តែខ្វល់ខ្វាយ​ពី​អ្វីៗ​គ្រប់យ៉ាង នោះ​យើង​នឹង​មិន​អាច​សម្រេច​បាន​គោលដៅ​របស់​យើង​ឡើយ​»។

លោកស្រីផែតុងតានបាននិយាយថា ការផ្តោតសំខាន់របស់លោកស្រីគឺគោលនយោបាយសំខាន់ៗ ដូចជាកំណែទម្រង់សេដ្ឋកិច្ច ការកែលម្អការថែទាំសុខភាព និងការលើកកម្ពស់ប្រទេសថៃនៅលើឆាកពិភពលោក ដោយមិនបាននិយាយអំពីការចែកលុយចំនួន ១០.០០០ បាតសម្រាប់មនុស្សម្នាក់ដែលគណបក្សភឿថៃបានសន្យាក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៣ នោះទេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *