ថៃ ៖ ដៃគូចម្រុះដែលកំពុងកាន់អំណាចរបស់ថៃកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ឆ្នាំ២០២៤ បានគាំទ្រកូនស្រីរបស់មហាសេដ្ឋី ថាក់ស៊ីន ស៊ីណាវ៉ាត់ ឱ្យក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ជាចំណាត់ការដ៏ភ្ញាក់ផ្អើលមួយ ដែលអាចជំរុញឱ្យមានការតស៊ូអំណាច និង ភាពចលាចលនយោបាយឡើងវិញ។
អ្នកនយោបាយចំណូលថ្មី ផែតុងតាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) អាយុ ៣៧ ឆ្នាំនឹងត្រូវតែងតាំងនៅក្នុងការបោះឆ្នោតពិសេសរបស់សភានៅថ្ងៃសុក្រនេះ ហើយប្រសិនបើទទួលបានជោគជ័យ នឹងក្លាយជានាយករដ្ឋមន្ត្រីស្រីទីពីររបស់ថៃ និងជាត្រកូលស៊ីណាវ៉ាត់ទីបីដែលកាន់តំណែងកំពូល។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការជជែកគ្នានៅពីក្រោយឆាកក្នុងរយៈពេល ២៤ ម៉ោងចាប់តាំងពីតុលាការបានដកតំណែងលោក ស្រេតថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រី ដែលជាការវាយសំពងចុងក្រោយសម្រាប់បក្សភឿថៃ ដែលជាបក្សប្រជែងប្រជាប្រិយរបស់គ្រួសារមហាសេដ្ឋីស៊ីណាវ៉ាត់ ដែលបានតតាំងអំណាចពីរទសវត្សរ៍ជាមួយស្ថាប័នមានឥទ្ធិពលរបស់ថៃ និងយោធានៃរបបរាជានិយម។
នាងផែតុងតានបានប្រាប់សន្និសីទសារព័ត៌មានរួមដែលនៅក្បែរមេដឹកនាំនៃដៃគូចម្រុះទាំង ១០ របស់គណបក្សនេះថា«ប្រទេសត្រូវដើរទៅមុខ ភឿថៃជាគណបក្សសំខាន់ក្នុងការបង្កើតរដ្ឋាភិបាល ហើយនឹងជំរុញប្រទេសទៅមុខ។ យើងប្ដេជ្ញាចិត្ត រួមគ្នា ហើយនឹងជំរុញប្រទេសឲ្យទៅមុខ»។
លោកស្រេតថា គឺជានាយករដ្ឋមន្ត្រីទី៤ របស់បក្សភឿថៃ ដែលត្រូវបានដកចេញដោយសេចក្តីសម្រេចរបស់តុលាការហើយការដួលរលំរបស់គាត់ បានបង្ហាញពីការបែកបាក់នៅក្នុងភាពចុះសម្រុងមិនស្រណុកស្រួលរវាងលោកថាក់ស៊ីននិងសត្រូវរបស់គាត់នៅក្នុងក្រុមអភិជនបែបអភិរក្សនិយម និងយោធាជើងចាស់ ដែលអាចឱ្យថាក់ស៊ីនវិលត្រឡប់ពីការនិរទេសដោយខ្លួនឯងនៅឆ្នាំ ២០២៣ និង សម្ព័ន្ធមិត្តស្រេតថាក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃតែមួយ៕(ប្រែសម្រួលដោយ លោកសំណាង)