ឥណ្ឌា ៖ ប៉ូលិសបាននិយាយថា តារាបណ្តាញសង្គមឥណ្ឌាម្នាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនបន្ទាប់ពីបង្កឱ្យមានការខឹងសម្បារចំពោះវីដេអូរបស់គាត់អំពីការចម្អិន និងបរិភោគសាច់ក្ងោក ដែលជាសត្វតំណាងជាតិដែលត្រូវបានការពារ។
ប៉ូលិសបាននិយាយថា បុរសឈ្មោះ Kodam Pranay Kumar ត្រូវបានឃុំខ្លួនកាលពីថ្ងៃចន្ទ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារបន្ទាប់ពី «វីដេអូផ្សេងទៀតនៅក្នុងទូរសព្ទដៃរបស់គាត់បានបញ្ជាក់» ថា បក្សីដែលគាត់បានចម្អិនសម្រាប់វីដេអូសម្លការីរបស់គាត់គឺ«ពិតជាសត្វក្ងោកមែន»។ សត្វស្លាបពណ៌ចម្រុះនេះត្រូវបានការពារក្រោមច្បាប់សត្វព្រៃដ៏តឹងរ៉ឹង។
លោក Akhil Mahajan អគ្គនាយកប៉ូលិសនៅរដ្ឋ Telangana ភាគខាងត្បូងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ឥឡូវនេះគាត់កំពុងជាប់ពន្ធនាគាររយៈពេល ១៤ ថ្ងៃក្រោមច្បាប់ការពារសត្វព្រៃ ហើយឥឡូវនេះ តុលាការនឹងសម្រេចថាតើគាត់នឹងបន្តដេកគុក ឬទទួលបានការធានាក្រៅឃុំ»។
អ្នកស៊ើបអង្កេតក៏កំពុងព្យាយាមបញ្ជាក់ពីរបៀប និងកន្លែងដែលលោក Kumar អាចទទួលបានសត្វក្ងោកសម្រាប់វីដេអូ ដែលចាប់តាំងពីពេលនោះមកត្រូវបានដកចេញពី Channel របស់គាត់។
កាសែត The Times of India បានរាយការណ៍ថា វីដេអូបានបង្ហាញគាត់ធ្វើសម្លការីសាច់ក្ងោក ដែលជា «ការសម្តែងពញ្ញាក់អារម្មណ៍មួយដើម្បីទាក់ទាញការទស្សនាកាន់តែច្រើន»។
កាសែតនេះបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ការឆ្លើយតបគឺហួសឆ្ងាយពីអ្វីដែលគាត់រំពឹងទុក។ អ្នកប្រើប្រាស់បណ្តាញសង្គមបានថ្កោលទោសវីដេអូនេះ ដោយចោទប្រកាន់លោក Kumar ថាផ្សព្វផ្សាយការស៊ីសាច់សត្វព្រៃខុសច្បាប់ និងការមិនគោរពនិមិត្តសញ្ញាជាតិ»។
សត្វក្ងោកឥណ្ឌា ដែលត្រូវបានសម្គាល់ដោយពណ៌ខៀវផ្លេកដ៏រស់រវើករបស់វា មានសារៈសំខាន់ជានិមិត្តរូបនៅក្នុងប្រទេសឥណ្ឌា។
បល្ល័ង្កនៃរាជវង្ស Mughal របស់ប្រទេសនេះត្រូវបានគេហៅផងដែរថាបល្ល័ង្កក្ងោកព្រោះវាមានបញ្ចូលពណ៌ក្ងោកដែលមានវត្តមានក្នុងចំនួនដ៏ច្រើននៅទូទាំងតំបន់ទំនាបភាគខាងជើងនៃប្រទេសឥណ្ឌា។
ការធ្វើទំនើបកម្មទីក្រុងយ៉ាងឆាប់រហ័ស និងការបាត់បង់ទីជម្រកសត្វក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានកាត់បន្ថយចំនួនក្ងោកនៅក្នុងព្រៃយ៉ាងខ្លាំង ខណៈការដាក់ទណ្ឌកម្ម និងការផាកពិន័យយ៉ាងតឹងរ៉ឹងក្រោមច្បាប់សត្វព្រៃឥឡូវនេះបានការពារពួកវាពីការបរបាញ់ ឬការរងគ្រោះថ្នាក់នានា៕(ប្រែសម្រួលដោយ លោកសំណាង)