បរទេស ៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារ ទី ១៣ ខែសីហាឆ្នាំ២០២៤ថា ការវាយលុកឆ្លងព្រំដែនដ៏ធំបំផុតរបស់ខ្លួននៃសង្រ្គាមរហូតមកដល់បច្ចុប្បន្ននេះបានគ្រប់គ្រងតំបន់តាំងទីលំនៅចំនួន ៧៤ នៅក្នុងតំបន់ Kursk របស់រុស្ស៊ីហើយនៅតែរុលទៅមុខ ដោយកើនពី ១ គីឡូម៉ែត្រទៅ ៣ គីឡូម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
អ៊ុយក្រែនបានធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូភ្ញាក់ផ្អើលជាមួយនឹងការបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរុស្ស៊ីកាលពីសប្តាហ៍មុន។ កិច្ចប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យអ៊ុយក្រែនមានប្រៀបសមរភូមិដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០២២ បន្ទាប់ពីទប់ទល់ការពារជាច្រើនខែ។
ការអះអាងរបស់រដ្ឋាភិបាលក្រុងគៀវ គឺផ្ទុយពីរូបភាពដែលបង្ហាញដោយរុស្ស៊ី កន្លែងដែលឧត្តមសេនីយ៍ Apti Alaudinov និយាយថា «កងទ័ពអ៊ុយក្រែនត្រូវបានបញ្ឈប់» ខណៈក្រសួងការពារជាតិនិយាយថា «ការរុលចូលត្រូវបានទប់ស្កាត់នៅតាមភូមិនានាដែលមានចម្ងាយពី ២៦ គីឡូម៉ែត្រទៅ ២៨ គីឡូម៉ែត្រពីព្រំដែន»។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងកម្លាំងរបស់រដ្ឋាភិបាលក្រុងគៀវបានចាប់ឈ្លើយសឹករុស្ស៊ីដែលអាចយកទៅដោះដូរជាមួយយុទ្ធជនអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួន ដោយលើកឡើងពីអ្វីដែលលោកបានពណ៌នាថាជា «មូលនិធិដោះដូរ»ដែលកំពុងពង្រីក។
លោកហ្សេលេនស្គីបាននិយាយថា «ទោះបីជាមានការប្រយុទ្ធគ្នាដ៏លំបាក និងខ្លាំងក្លាក៏ដោយ ក៏កងកម្លាំងរបស់យើងនៅតែបន្តរុលទៅមុខនៅក្នុងតំបន់ Kursk ហើយ «មូលនិធិដោះដូរ» របស់រដ្ឋយើងកំពុងកើនឡើង។ តំបន់តាំងទីលំនៅចំនួន ៧៤ ស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។
និយាយតាមតំណវីដេអូ មេដឹកនាំអ៊ុយក្រែនបានស្នើឱ្យមេបញ្ជាការកំពូលរបស់គាត់គឺលោក Oleksandr Syrskyi រៀបចំ «ជំហានសំខាន់ៗ»បន្ទាប់នៅក្នុងប្រតិបត្តិការនេះ។
លោក Syrskyi បានឆ្លើយតបដោយមិនបញ្ជាក់លម្អិតថា «អ្វីគ្រប់យ៉ាងកំពុងធ្វើតាមផែនការ»៕(ប្រែសម្រួលដោយលោកសំណាង)