រុស្ស៊ីថាទ័ពអ៊ុយក្រែនវាយចូលទឹកដីខ្លួនរហូតដល់ជម្រៅ​ ៣០ គីឡូម៉ែត្រ

បរទេស​ ៖ កងទ័ពអ៊ុយក្រែនបានរុលចូលជ្រៅរហូតដល់ចម្ងាយ ៣០ គីឡូម៉ែត្រនៅក្នុងទឹកដីរុស្ស៊ី ដែលជាការលុកលុយជ្រៅបំផុត និងសំខាន់បំផុតចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូបានចាប់ផ្តើមការលុកលុយពេញទំហឹងលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានប៉ះទង្គិចជាមួយទាហានអ៊ុយក្រែននៅជិតភូមិ Tolpino និងភូមិ Obshchy Kolodez ខណៈដែលការវាយលុកនៅក្នុងតំបន់ Kursk បានឈានចូលដល់ថ្ងៃទីប្រាំមួយ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវថា«បំភិតបំភ័យប្រជាជនរុស្ស៊ីដ៏សន្តិភាព»។

ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលទទួលស្គាល់ដោយផ្ទាល់នូវការវាយប្រហារនេះជាលើកដំបូងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃសៅរ៍ បាននិយាយថា «ការវាយប្រហារឆ្លងព្រំដែនចំនួន ២.០០០ លើកត្រូវបានចាប់ផ្តើមដោយរុស្ស៊ីចេញពីតំបន់ Kursk នៅរដូវក្តៅនេះ»។

លោកហ្សេលេនស្គីបានប្រាប់នៅក្នុងសុន្ទរកថាពេលយប់របស់លោកពីទីក្រុងគៀវថា «កាំភ្លើងធំ កាំភ្លើងត្បាល់ ដ្រូន។​​យើងក៏បានកត់ត្រាការវាយប្រហារដោយមីស៊ីលផងដែរ ហើយការវាយប្រហារនីមួយៗសមនឹងទទួលបានការឆ្លើយតបដ៏ស័ក្តិសម»។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទាហានរាប់ពាន់នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ គឺលើសពីការលុកលុយខ្នាតតូច ដែលបានរាយការណ៍ដំបូងដោយឆ្មាំព្រំដែនរុស្ស៊ី។

ខណៈក្រុមបង្កការបំផ្លិចបំផ្លាញដែលគាំទ្រដោយអ៊ុយក្រែនបានបើកការលុកលុយឆ្លងព្រំដែនជាបន្តបន្ទាប់ ការវាយលុកតំបន់ Kursk គឺជាការវាយប្រហារសហការរួមដៃគ្នាដ៏ធំបំផុតទៅលើទឹកដីរុស្ស៊ីដោយកងកម្លាំងសាមញ្ញរបស់រដ្ឋាភិបាលក្រុងគៀវ។

ក្រុមមន្ត្រីនិយាយថា «យើងកំពុងស្ថិតក្នុងការវាយលុក។ គោលបំណងគឺដើម្បីបំបែកទីតាំងរបស់សត្រូវ ធ្វើឱ្យមានការខាតបង់ជាអតិបរមា និងធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេសរុស្ស៊ីមានអស្ថិរភាព ខណៈដែលពួកគេមិនអាចការពារព្រំដែនរបស់ពួកគេបាន»។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបាន «រារាំងការប៉ុនប៉ងដោយក្រុមចល័តរបស់សត្រូវជាមួយនឹងរថពាសដែកដើម្បីទម្លុះចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *