បង់ក្លាដែស ៖ ម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី៨ សីហា ឆ្នាំ២០២៤ដោយប្តេជ្ញាថានឹងដឹកនាំប្រទេសបង់ក្លាដែសត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញបន្ទាប់ពីការបះបោរដឹកនាំដោយនិស្សិតបានបញ្ចប់ការគ្រប់គ្រងរយៈពេល ១៥ ឆ្នាំរបស់លោកស្រី Sheikh Hasina ។
លោក Yunus ដែលកាលពីថ្ងៃព្រហស្បតិ៍បានសាទរការផ្តួលរំលំលោកស្រី Hasina ថាជា «ឯករាជ្យទីពីររបស់បង់ក្លាដែស»បានស្បថថានឹង «តម្កល់ គាំទ្រ និងការពាររដ្ឋធម្មនុញ្ញ»នៅចំពោះមុខមេដឹកនាំនយោបាយ និងសង្គមស៊ីវិលឧត្តមសេនីយ៍ និងអ្នកការទូតនៅវិមានប្រធានាធិបតី។
លោក Yunus ដែលមានអាយុ ៨៤ ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានប៉ុន្មានម៉ោងមុនពេលគាត់ត្រឡប់មកដល់រដ្ឋធានីដាក្កាពីអឺរ៉ុបវិញថា «ថ្ងៃនេះជាថ្ងៃដ៏រុងរឿងសម្រាប់ពួកយើង ។ បង់ក្លាដែសបានបង្កើតថ្ងៃជ័យជម្នះថ្មី។ បង់ក្លាដែសបានទទួលឯករាជ្យជាលើកទីពីរ»។
លោក Yunus បានអំពាវនាវឱ្យមានការស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ ដែលបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៤៥៥ នាក់ ដោយអំពាវនាវឱ្យពលរដ្ឋការពារគ្នាទៅវិញទៅមក រួមទាំងជនជាតិភាគតិច ដែលរងការវាយប្រហារ។
លោកបាននិយាយថា «ច្បាប់ និងសណ្តាប់ធ្នាប់គឺជាកិច្ចការទីមួយរបស់យើង…យើងមិនអាចបោះជំហានទៅមុខបានទេ លុះត្រាតែយើងជួសជុលស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់។ ការអំពាវនាវរបស់ខ្ញុំទៅកាន់ប្រជាជនគឺប្រសិនបើអ្នកជឿជាក់លើខ្ញុំ នោះត្រូវប្រាកដថានឹងមិនមានការវាយប្រហារប្រឆាំងនឹងនរណាម្នាក់ គ្រប់ទីកន្លែងនៅក្នុងប្រទេស»។
លោក Yunus បាននិយាយថា «មនុស្សគ្រប់រូបគឺជាបងប្អូនរបស់យើង…ភារកិច្ចរបស់យើងគឺការពារពួកគេ។ ប្រទេសបង់ក្លាដែសទាំងមូលគឺជាគ្រួសារដ៏ធំមួយ»៕(ប្រែសម្រួលដោយ លោកសំណាង)