បង់ក្លាដែស ៖ លោក Muhammad Yunus ដែលគ្រោងនឹងដឹកនាំរដ្ឋាភិបាលចាំផ្ទះ បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំបានទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស បានអំពាវនាវដល់ជនរួមជាតិកាលពីថ្ងៃពុធ «ឱ្យត្រៀមខ្លួនកសាងប្រទេស»មុនពេលការវិលត្រឡប់មកវិញរបស់គាត់។
ប្រធានាធិបតីបាននិយាយថា អ្នកត្រួសត្រាយផ្នែកមីក្រូហិរញ្ញវត្ថុដែលឈ្នះរង្វាន់ណូបែលរូបនេះនឹងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នក្នុងនាមជាប្រធានទីប្រឹក្សា បន្ទាប់ពីនាយករដ្ឋមន្ត្រីកាន់អំណាចយូរលោកស្រី Sheikh Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។
លោក Yunus បាននិយាយកាលពីថ្ងៃពុធក្នុងសេចក្តីថ្លែងការណ៍មួយថា «សូមរក្សាភាពស្ងប់ស្ងាត់ និងត្រៀមខ្លួនដើម្បីកសាងប្រទេស»គឺតែមួយថ្ងៃមុនការមកដល់ស្រុកតាមការរំពឹងទុករបស់គាត់ពីប្រទេសបារាំង ដោយជំរុញឱ្យមានភាពស្ងប់ស្ងាត់បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥៥ នាក់។ លោកបានបន្ថែមថា «ប្រសិនបើយើងដើរលើផ្លូវនៃអំពើហិង្សា អ្វីៗនឹងត្រូវបំផ្លាញ»។
ការតែងតាំងនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមមេដឹកនាំនិស្សិតបានអំពាវនាវឱ្យលោក Yunus អាយុ ៨៤ ឆ្នាំ ដែលមានស្នាដៃជួយមនុស្សរាប់លាននាក់ចាកចេញពីភាពក្រីក្រនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ ឱ្យដឹកនាំ។
ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតី Mohammed Shahabuddin ប្រមុខកងទ័ព កងទ័ពជើងទឹក និងទ័ពអាកាស និងក្រុមមេដឹកនាំនិស្សិត។
លោកឧត្តមសេនីយ៍ Waker-Uz-Zaman ដែលជាមេទ័ព បាននិយាយកាលពីថ្ងៃពុធថា «លោកសង្ឃឹមថារដ្ឋាភិបាលបណ្តោះអាសន្ននឹងស្បថកាន់អំណាចនៅថ្ងៃបន្ទាប់ ហើយថាលោកគាំទ្រលោក Yunus »។
លោក Waker បាននិយាយថា «ខ្ញុំប្រាកដណាស់ថាគាត់នឹងអាចនាំយើងឆ្លងកាត់ដំណើរការប្រជាធិបតេយ្យដ៏ស្រស់បំព្រង»៕(ប្រែសម្រួលដោយ លោកសំណាង)