ថៃ ៖ ប្រទេសថៃកំពុងផ្តោតលើការទាក់ទាញភ្ញៀវដែលស្នាក់នៅយូរៗ ដែលមានបំណងចំណាយលុយច្រើន ដើម្បីជំរុញការចំណាយជាមធ្យម។
ចាប់ផ្តើមពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះបានចាប់ផ្តើមគម្រោងDestination Thailand Visa ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរអាចស្នាក់នៅរហូតដល់ ១៨០ ថ្ងៃ និងមានសុពលភាពរយៈពេល ៥ ឆ្នាំ។
វាជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះក្នុងការទាក់ទាញភ្ញៀវទេសចរដែលស្នាក់នៅយូរជាងនេះ ខណៈដែលប្រទេសជិតខាងអាស៊ីអាគ្នេយ៍កាន់តែនាំគ្នាបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ ជាហេតុជំរុញឱ្យមានការប្រកួតប្រជែងខាងវិស័យទេសចរណ៍ក្នុងតំបន់យ៉ាងខ្លាំងក្លា។
លោក Martin Koerner នៃគណៈកម្មាធិការផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ EuroCham របស់វៀតណាមបានប្រាប់ VnExpress International ថាយុទ្ធសាស្ត្ររបស់ថៃក្នុងការដាក់ចេញទិដ្ឋាការរយៈពេលវែងគឺមានគោលបំណងទាក់ទាញជនបរទេសដែលមានសក្តានុពលខ្ពស់ រួមទាំងអ្នកធ្វើការតាមឌីជីថលពីចម្ងាយ អ្នកបំពេញការងារឯករាជ្យ និងមនុស្សដែលចាប់អារម្មណ៍លើបទពិសោធន៍វប្បធម៌ដូចជាការចម្អិនអាហារ និងសិល្បៈក្បាច់គុនជាដើម។
លោក Martin Koerner បន្តថា«ទោះបីជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះឈានមុខគេខាងការមកដល់នៃភ្ញៀវទេសចរក៏ដោយ ក៏ថៃនៅតែផ្តោតលើភ្ញៀវដែលស្នាក់នៅរយៈពេលយូរដែលមានបំណងចំណាយពេលកាន់តែច្រើនក្នុងអំឡុងពេលស្នាក់នៅក្នុងព្រះរាជាណាចក្រនេះ»។
លោកបាននិយាយថា តាមរយៈការផ្តល់ការស្នាក់នៅបន្ថែមនេះ ប្រទេសថៃអាចទាក់ទាញអ្នកទេសចរដែលមានទ្រព្យសម្បត្តិច្រើនជាងមុន និងអ្នកជំនាញដែលអាចវិនិយោគបន្ថែមលើសេវាកម្មក្នុងស្រុក ការស្នាក់នៅ និងបទពិសោធន៍។
លោក Gary Bowerman ស្ថាបនិកក្រុមហ៊ុន Check-in Asia ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងទីផ្សារផ្តោតលើវិស័យទេសចរណ៍បានប្រាប់ CNN ថា បញ្ហាចម្បងសម្រាប់វិស័យទេសចរណ៍របស់ថៃនាពេលនេះគឺការចំណាយជាមធ្យមទាបសម្រាប់ភ្ញៀវទេសចរម្នាក់។ លោកបានបន្តថា «ភ្ញៀវទេសចរភាគច្រើនជាអ្នកធ្វើដំណើរតាមតំបន់ដែលមកក្នុងរយៈពេលខ្លី»។
ការស្ទង់មតិដោយអាជ្ញាធរទេសចរណ៍នៃប្រទេសថៃនៃភ្ញៀវទេសចរចំនួន ៣០.០៥៤ នាក់ក្នុងឆ្នាំ ២០២៣ បានរកឃើញថាការចំណាយជាមធ្យមក្នុងមួយការធ្វើដំណើរគឺ ៥០.៩០០ បាត (១.៤៥០ ដុល្លារអាមេរិក) ។
ប្រទេសក្នុងតំបន់ដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មានគោលនយោបាយទិដ្ឋាការផងដែរ ដែលអនុញ្ញាតឱ្យជនបរទេសស្នាក់នៅរហូតដល់ ១០ ឆ្នាំ។
លោក Koerner បាននិយាយថា វៀតណាមត្រូវពិចារណាលើការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការរបស់ខ្លួន ដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារទេសចរណ៍ក្នុងតំបន់។
លោកបានបន្តថា ការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវអន្តរជាតិនាពេលថ្មីៗនេះគឺជាការព្រួយបារម្ភ ហើយការចេញទិដ្ឋាការរយៈពេលវែងអាចជួយប្រទេសនេះទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគបន្ថែមទៀតដូចប្រទេសថៃដែរ។
លោកបានបន្ថែមថា វៀតណាមគួរតែពិចារណាដាក់ចេញនូវទិដ្ឋាការចូលនិវត្តន៍ដើម្បីទាក់ទាញអ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិច្រើន ពង្រឹងភាពទាក់ទាញរបស់ខ្លួនជាគោលដៅទេសចរណ៍ និងជាគោលដៅចូលនិវត្តន៍ដែលមានសក្តានុពលធំដែលមិនទាន់ទាញផល៕(ប្រែសម្រួលដោយ លោកសំណាង)