ប្រធានសមាគមរាជសីហ៍ ជំរុញដល់គ្រប់សាខា បង្កើន សកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ រាជធានី-ខេត្ត និង កិច្ចប្រជុំបូកសរុបលទ្ធការងារ លើកទិសដៅការងារបន្ត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅ សាលប្រជុំ សាលាជាតិគយ។ កិច្ចប្រជុំនេះ មានការនិមន្តនិងអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខារាជធានី-ខេត្ត សរុបចំនួនជាង១២៩ អង្គ/នាក់។

ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគម បានឡើងអានសេចក្តីសម្រេចតែងតាំង កែសម្រួលថ្នាក់ដឹកនាំចំនួន១២រូប ក្នុងនោះមានការកែសម្រួល និងតែងតាំង លោក ថោង សុខាំភូ ជា អគ្គលេខាធិការសមាគម បន្ថែមលើមុខងារ។

បន្ទាប់ពីត្រូវបានតែងតាំង លោកអគ្គលេខាធិការ ថោង សុខាំភូ បានឡើងប្តេជ្ញាចិត្ត ខិតខំបំពេញភារកិច្ចជូនសមាគម ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីចូលរួម ការងារអភិវឌ្ឍសង្គម ចូលរួមការពារសន្តិភាព ស្ថេរភាពនយោបាយ សំដៅសម្រេច គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ភុន សុផល អគ្គលេខាធិការរងសមាគម បានរាយការណ៍ថា មកដល់បច្ចុប្បន្ននេះ សមាគមមានសមាជិកសរុបចំនួន ៧,៩៣៤អង្គ/អ្នក មានសាខាក្នុងប្រទេស២៤រាជធានី-ខេត្ត និង មានសាខាក្រៅប្រទេសចំនួន៥ប្រទេស បានធ្វើសកម្មភាពមនុស្សធម៌បាន ចំនួន២,១២៦លើក និង ចំណាយថវិកា អស់ប្រមាណជាង $២.០០០.០០០ (ពីរលានដុល្លារ)។

ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានសម្តែងការអបអរសាទរថ្នាក់ដឹកនាំ និងសមាជិក ដែលទើបត្រូវបានប្រកាសតែងតាំង និងសូមគាំទ្រការប្តេជ្ញាចិត្តរបស់ លោកអគ្គលេខាធិការថ្មី។

ឯកឧត្តមប្រធាន បញ្ជាក់ថា សមាគមរាជសីហ៍បានធ្វើសកម្មភាព៥ឆ្នាំហើយ ហើយនៅថ្ងៃស្អែកគឺជាខួបគម្រប់៥ឆ្នាំ (៧ សីហា ២០១៩ -៧ សីហា ២០២៤) នៃការបង្កើតសមាគមរាជសីហ៍  ក្រៅពីការប្រជុំបូកសរុបលទ្ធផលការងារថ្ងៃនេះ នៅថ្ងៃទី០៧ សីហា សមាគមនឹងធ្វើកម្មវិធីមនុស្សធម៌ ដោយការបរិច្ចាគឈាមជូន មជ្ឍមណ្ឌលជាតិផ្តល់ឈាម ចូលរួមដោយថ្នាក់ដឹកនាំនិងសមាជិកប្រមាណ១០០នាក់ផងដែរ។

ឯកឧត្តមប្រធាន បានផ្តល់ឱកាសជូនថ្នាក់ដឹកនាំគ្រប់ផ្នែក និងសាខាទាំងអស់ បានលើកឡើងពីបញ្ហាប្រឈមនានា និងសំណូមពរ ដើម្បីពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ បន្តការងារសមាគមឱ្យសម្រេចតាមបេសកកម្មសមាគម។

ទីបញ្ចប់ ឯកឧត្តមប្រធាន ស៊ូម សារឿន បានណែនាំតម្រង់ទិសការងារឱ្យគ្រប់ផ្នែកក្នុងសមាគម នូវចំណុចសំខាន់ៗចំនួន០៧ចំណុច ក្នុងន័យ ពង្រឹងប្រសិទ្ធភាពការងារ ជាពិសេស សកម្មភាពមនុស្សធម៌ កាត់បន្ថយភាពក្រីក្រ និង ការចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធាន សូមថ្លែងសូមកោតសរសើរ និងថ្លែងអំណរគុណ ថ្នាក់ដឹកនាំសមាគមគ្រប់ផ្នែក គ្រប់សាខា ដែលបានខិតខំបំពេញការងារកន្លងមក សូមបន្តការខិតខំបំពេញការងារតាមបេសកម្ម ស្របតាមលក្ខន្តិកៈសមាគម៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *