ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសារព័ត៌មានមកពី១១ស្ថាប័ន

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសារព័ត៌មានចំនួន១១ស្ថាប័ន នៅទីស្តីការក្រសួងយុត្តិធម៌។ 

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីវឌ្ឍនភាព នៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងសកម្មភាពការងារជាអាទិភាពរបស់ក្រសួងយុត្តិធម៌ និងព្រមទាំងបានរៀបចំផងដែរ នូវយន្តការនៃកិច្ចសហការ រវាងក្រុមការងារព័ត៌មានក្រសួងយុត្តិធម៌ និងបណ្តាញអ្នកសារព័ត៌មាន។ 

យន្តការទាំងនេះ រួមមាន៖ ១. សហការក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ នឹងការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (ទី១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង (ទី២)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទៅដល់សាធារណជនទូទៅ 

និង២. សហការក្នុងការបញ្ជូនព័ត៌មានពាក់ព័ន្ធនឹងសំណូមពរ និងការអំពាវនាវនានា របស់ប្រជាពលរដ្ឋមកកាន់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយលើករណីទាំងនោះ ៣. សហការផ្សព្វផ្សាយ អំពីសមិទ្ធផលការងារនានាដែលក្រសួងយុត្តិធម៌សម្រេចបាន តាមរយៈការដាក់ចេញ នូវយុទ្ធនាការទាំងពីរខាងលើ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *