បង់ក្លាដែស ៖ នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើបាតុកម្មដែលបានចាប់ផ្តើមនៅពេលមានការតវ៉ាប្រឆាំងនឹងកូតាការងារ និងបានក្លាយទៅជាចលនាទាមទារឱ្យលោកស្រីចុះចេញពីតំណែង។
ហ្វូងមនុស្សដ៏រីករាយបានសម្រុកចូលទៅក្នុងទីធ្លាដ៏ធំទូលាយនៃគេហដ្ឋានប្រធានាធិបតី ដោយមិនមានការជំទាស់ដោយធ្វើសកម្មភាពលួចយកគ្រឿងសង្ហារឹម និងទូរទស្សន៍។ បុរសម្នាក់បានទូលកៅអីពណ៌ក្រហមនៅលើក្បាលរបស់គាត់។ ម្នាក់ទៀតយកថូមួយចេញបាត់។
នៅកន្លែងផ្សេងទៀតក្នុងទីក្រុងដាក្កា ក្រុមអ្នកតវ៉ាបានឡើងលើករូបសំណាកឪពុករបស់លោកស្រី Hasina ដែលជាស្ថាបនិកប្រទេសគឺលោក Sheikh Mujibur Rahman ហើយចាប់ផ្តើមយកពូថៅពុះបំបែកក្បាលរូបសំណាក។
ការហោះហើរនិរទេសនេះបានបញ្ចប់ការកាន់អំណាចជាលើកទីពីររយៈពេល ១៥ ឆ្នាំសម្រាប់លោកស្រី Hasina ដែលបានគ្រប់គ្រងប្រទេសរយៈពេល ២០ ឆ្នាំនៃ ៣០ ឆ្នាំចុងក្រោយក្នុងនាមជាមេដឹកនាំចលនានយោបាយដែលបានទទួលមរតកពីឪពុករបស់លោកស្រី ដែលត្រូវបានគេធ្វើឃាតជាមួយគ្រួសារភាគច្រើនរបស់គាត់នៅក្នុងរដ្ឋប្រហារឆ្នាំ១៩៧៥។
កូនប្រុសរបស់លោកស្រីឈ្មោះ Sajeeb Wazed Joy បានប្រាប់ BBC World Service ថា «លោកស្រី Hasina បានចាកចេញពីប្រទេសដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន តាមការទទូចរបស់គ្រួសារលោកស្រី»។
លោក Joy បាននិយាយថា លោកស្រី Hasina «ខកចិត្តយ៉ាងខ្លាំង ដែលបន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងលំបាករបស់លោកស្រីទាំងអំបាលម៉ាន បានត្រឹមឲ្យក្រុមសំឡេងភាគតិចងើបប្រឆាំងនឹងលោកស្រីបាន»។
លោកបានបន្តថា «លោកស្រីនឹងមិនព្យាយាមវិលត្រឡប់មកឆាកនយោបាយវិញទេ»៕(ប្រែសម្រួលដោយ លោកសំណាង)