បាត់បង់ជីវិតយ៉ាងតិច ៩១នាក់ ខណៈក្រុមនិស្សិតធ្វើបាតុកម្មទាមទារឲ្យនាយករដ្ឋមន្ត្រីបង់ក្លាដែសចុះចេញពីតំណែង

បង់ក្លាដែស ៖ យ៉ាងហោចណាស់មនុស្ស ៩១នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ ខណៈដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុកររាប់ម៉ឺននាក់ដែលអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង។

រដ្ឋាភិបាលបានប្រកាសបម្រាមគោចរមិនមានកាលកំណត់ទូទាំងប្រទេស ដោយចាប់ផ្តើមនៅម៉ោង ៦ ល្ងាចម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ដែលជាលើកដំបូងដែលខ្លួនបានចាត់វិធានការបែបនេះ ក្នុងអំឡុងការតវ៉ានាពេលបច្ចុប្បន្នដែលបានចាប់ផ្តើមកាលពីខែមុន។ រដ្ឋាភិបាលក៏បានប្រកាសផងដែរនូវថ្ងៃឈប់សម្រាកទូទៅរយៈពេលបីថ្ងៃដែលចាប់ផ្តើមពីថ្ងៃចន្ទនេះ។

ភាពចលាចលដែលបានជំរុញឱ្យរដ្ឋាភិបាលបិទសេវាកម្មអ៊ីនធឺណិត គឺជាការសាកល្បងដ៏ធំបំផុតរបស់លោកស្រីHasina នៅក្នុងរបបរយៈពេល ២០ ឆ្នាំរបស់លោកស្រី បន្ទាប់ពីលោកស្រីបានឈ្នះអាណត្តិទី ៤ ជាប់ៗគ្នាក្នុងការបោះឆ្នោតដែលត្រូវបានធ្វើពហិការដោយបក្សប្រឆាំង គឺគណបក្សជាតិនិយមបង់ក្លាដែស។

អ្នករិះគន់លោកស្រី Hasina រួមជាមួយនឹងក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រីថាប្រើកម្លាំងហួសហេតុប្រឆាំងនឹងក្រុមអ្នកតវ៉ា ជាការចោទប្រកាន់ដែលលោកស្រី និងរដ្ឋមន្ត្រីរបស់លោកស្រីច្រានចោល។

ក្រុមបាតុករបានបិទផ្លូវហាយវេធំៗកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមបាតុករជានិស្សិតបានចាប់ផ្តើមកម្មវិធីមិនសហការដើម្បីជំរុញឱ្យរដ្ឋាភិបាលលាលែងពីតំណែង ហើយអំពើហិង្សាបានរីករាលដាលពាសពេញប្រទេស។

លោកស្រី Hasina បាននិយាយបន្ទាប់ពីកិច្ចប្រជុំក្រុមសន្តិសុខជាតិ ដោយមានការចូលរួមពីមេទ័ពជើងគោក ជើងទឹកជើងអាកាស ប៉ូលិស និងមន្ត្រីដទៃទៀតថា «អ្នកដែលកំពុងតវ៉ានៅតាមដងផ្លូវនៅពេលនេះ មិនមែនជានិស្សិតទេ ប៉ុន្តែជាពួកភេរវករដែលចេញទៅបំផ្លាញប្រទេសជាតិ»។ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​របស់​យើង​ឲ្យ​បង្ក្រាប​ពួក​ភេរវករ​ទាំង​នេះ​ឲ្យចាស់ដៃ»។

ស្ថានីយប៉ូលិស និងការិយាល័យគណបក្សកាន់អំណាច ត្រូវបានគេកំណត់គោលដៅវាយប្រហារ ខណៈអំពើហិង្សាបានអង្រួនប្រទេសដែលមានប្រជាជន ១៧០ លាននាក់នេះ។

មន្ត្រីប៉ូលិសឈ្មោះ Bijoy Bosak បាននិយាយថា «ប៉ូលិស ១២ នាក់ត្រូវបានវាយដំរហូតដល់ស្លាប់នៅក្នុងសង្កាត់Sirajganj ភាគពាយ័ព្យនៃទីក្រុង Sirajganj »។

ប៉ូលិស និងសាក្សីបាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំបីនាក់ រួមទាំងសិស្សពីរនាក់ និងមេដឹកនាំគណបក្សកាន់អំណាចម្នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់បានរងរបួស ចំពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅកន្លែងជាច្រើនក្នុងរដ្ឋធានីដាក្កា៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *