បរទេស ៖ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់បានប្តេជ្ញាសងសឹកកាលពីថ្ងៃព្រហស្បតិ៍ ទី ១ ខែសីហា ឆ្នាំ២០២៤ ចំពោះការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ និងក្រុមហេសប៊ូឡា ដោយបង្កើនភាពតានតឹងក្នុងតំបន់ ខណៈអ្នកកាន់ទុក្ខបានចូលរួមពេញកណ្តាលទីក្រុងតេហេរ៉ង់ ដោយអំពាវនាវឱ្យមានការសងសឹក។
ពិធីបុណ្យសពជាសាធារណៈត្រូវបានប្រារព្ធឡើងសម្រាប់ប្រមុខនយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ជាកន្លែងដែលគាត់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃពុធ នៅក្នុងការវាយប្រហារមួយ ដែលអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើអ្វីនោះទេ។
បន្ទាប់មកសាកសពរបស់លោក Haniyeh ត្រូវបានបញ្ជូនទៅកាន់ប្រទេសកាតា ជាកន្លែងដែលគាត់រស់នៅ និងជាកន្លែងដែលគាត់នឹងត្រូវបញ្ចុះនៅថ្ងៃសុក្រនេះ នៅពេលដែលក្រុមរបស់គាត់អំពាវនាវឱ្យមាន «ទិវាបញ្ចេញកំហឹង»នៅក្នុងទឹកដីប៉ាឡេស្ទីន និងទូទាំងតំបន់។
ប្រមុខដឹកនាំក្រុមហេសប៊ូឡាលោក Hassan Nasrallah ដែលថ្លែងទៅកាន់ពិធីបុណ្យសពរបស់មេបញ្ជាការយោធាកំពូលរបស់លីបង់ បាននិយាយថា អ៊ីស្រាអែល និង «អ្នកដែលនៅពីក្រោយ ពួកវាត្រូវតែរង់ចាំការឆ្លើយតបដែលមិនអាចចៀសបានរបស់ពួកយើង»ចំពោះការសម្លាប់លោក Fuad Shukr និងលោក Haniyeh ក្នុងរយៈពេលតែប៉ុន្មានម៉ោងពីគ្នា។
ថ្លែងអំពីអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីលោក Shukr ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅភាគខាងត្បូងទីក្រុងបៃរូត លោក Nasrallah បាននិយាយថា «អ្នកមិនដឹងថាអ្នកឆ្លងកាត់បន្ទាត់ក្រហមអ្វីនោះទេ»។
អ៊ីស្រាអែល ដែលនិយាយថាការធ្វើឃាតលោក Shukr គឺជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតដ៏សាហាវកាលពីសប្តាហ៍មុនទៅលើតំបន់កាត់យក Golan Heights បានព្រមានដល់សត្រូវរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេនឹង «បង់នូវតម្លៃដ៏ខ្ពស់» សម្រាប់ «ការឈ្លានពាន»ណាមួយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«អ៊ីស្រាអែលស្ថិតក្នុងការប្រុងជើងការកម្រិតខ្ពស់សម្រាប់សេណារីយ៉ូទាំងឡាយ រួមទាំងការការពារ និងការវាយលុក។អ្នកដែលវាយយើង យើងនឹងវាយបកវិញ»៕(ប្រែសម្រួលដោយ លោកសំណាង)