ការសម្លាប់មេហាម៉ាស់នៅអ៊ីរ៉ង់បង្កការព្រួយបារម្ភអំពីការសងសង និងការផ្ទុះជម្លោះក្នុងតំបន់

បរទេស​ ៖ មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ជាការវាយប្រហារដែលទាក់ទាញការគំរាមកំហែងអំពីការសងសឹកលើអ៊ីស្រាអែល និងជំរុញឱ្យមានការព្រួយបារម្ភបន្ថែមទៀតថា ជម្លោះនៅតំបន់ហ្គាហ្សាអាចនឹងក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាកាន់តែធំ។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់របស់លោក Haniyeh ។ កងឆ្មាំបដិវត្តន៍បាននិយាយថារឿងនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីគាត់បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់។

ទោះបីជាការវាយប្រហារលើលោក Haniyeh ត្រូវបានសន្មត់យ៉ាងទូលំទូលាយថាត្រូវបានធ្វើឡើងដោយអ៊ីស្រាអែលក៏ដោយ ក៏រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu មិនបានអះអាងទទួលខុសត្រូវឡើយហើយបាននិយាយថា «ខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើការសម្លាប់នេះទេ»។

មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក Khalil Al-Hayya បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងតេហេរ៉ង់ដោយដកស្រង់សម្តីសាក្សីដែលនៅជាមួយលោក Haniyeh ថា «លោក Haniyeh ត្រូវបានសម្លាប់ដោយកាំជ្រួចមីស៊ីលដែលបានវាយប្រហារចំរូបគាត់ ដោយផ្ទាល់ នៅក្នុងផ្ទះសំណាក់រដ្ឋមួយដែលគាត់ស្នាក់នៅ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *