ឥណ្ឌា ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការរអិលបាក់ដីបានកើតឡើងពាសពេញតំបន់ចម្ការតែ និងភូមិនានាក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ទី ៣០ ខែកក្កដា ឆ្នាំ២០២៤ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៦ នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យបាក់ដីតាមជម្រាលភ្នំ និងបង្កឱ្យមានភក់ ទឹក និង ផ្ទាំងថ្មបាក់ស្រុតចុះក្រោម។
ជម្រាលភ្នំបានរអិលបាក់បន្ទាប់ពីពាក់កណ្តាលអធ្រាត្រក្រោយពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទនៅក្នុងស្រុកWayanad នៃរដ្ឋ Kerala ដែលជារដ្ឋល្បីល្បាញខាងគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ឥណ្ឌា។ជនរងគ្រោះភាគច្រើនជាកម្មករចម្ការតែ និងក្រុមគ្រួសាររបស់ពួកគេដែលដេកលង់លក់នៅក្នុងជម្រកបណ្តោះអាសន្ន។
រូបភាពទូរទស្សន៍បានបង្ហាញក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមកាត់ដើមឈើដែលបាក់ និងគ្រោងដែកដែលដួលរាបដី ខណៈផ្ទាំងថ្មធំៗរាយប៉ាយពេញជម្រាលភ្នំ និងទឹកភក់ហូរច្រោះ។ ក្រុមអ្នកជួយសង្រ្គោះត្រូវបានទាញតាមខ្សែឆ្លងកាត់ស្ទឹងអូរដើម្បីជួយសង្គ្រោះមនុស្ស។
អាជ្ញាធររដ្ឋបាននិយាយថា «យ៉ាងហោចណាស់មនុស្ស ១០៦ នាក់បានស្លាប់នៅក្នុងការរអិលបាក់ដី ១២៨ នាក់បានរងរបួស និង រាប់សិបនាក់មិនទាន់បានរាប់បញ្ចូល។ ទូរទស្សន៍ Asianet ក្នុងស្រុកបានដាក់ចំនួនអ្នកស្លាប់រហូតដល់ ១១៩នាក់»៕(ប្តែសម្រួលដោយ លោកសំណាង)