មណ្ឌលគិរី ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជាបន្តបន្ទាប់ យោងតាមដីកាតុលាការពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្វនិយាយថា ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ និងបង្រ្កាបឱ្យអស់នូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ក្នុងទូទាំងខេត្តមណ្ឌលគិរីព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកអនុភូមិ ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នាវេលាម៉ោង៧និង៣៤នាទីយប់ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្រុកកែវសីមា និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះបង្ក្រាបករណីជួញដូរ រក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅត្រង់ចំណុចចំការកៅស៊ូក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ដោយប្រើវិធីញុះញង់)បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកែវសីមាដើម្បីធ្វើការសួរនាំ ។
រហូតដល់ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីរសៀល ដោយបានចម្លើយសារភាពពីជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាករណីជួញដូរគ្រឿងញៀននិងបានឈានទៅដល់ការពន្លាតដែនដីបន្តទៅទៀតដោយបានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ទៅដល់ចំណុចផ្ទះរបស់ឈ្មោះ ហូ ឃុនសេង (ហៅឃុន) តែត្រូវបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ ។
សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីរសៀល កម្លាំងសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អម្នាក់បានប្រាប់ថា«បានឃើញមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន» ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកែវសីមា បានសហការជាមួយកម្លាំងនគរបាលស្រែខ្ទុម និងប៉ុស្តិ៍នគរបាលស្រែព្រះ បានចុះទៅដល់ផ្ទះ ឈ្មោះ អឿនស្រីរ៉ែន នៅចំណុចប៉ោដើមស្វាយ ស្ថិតនៅក្នុងភូមិក្រញូងសែនជ័យ ស្រុកស្នួល ។
បន្ទាប់ពីបានសួរនាំអំពីសាវតាជាតិ និងបានអានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៩៧/២៤ របស់លោក ឈឺន មករា ចៅក្រមស៊ើបសួរចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៃសាលាដំបូងខេត្តមណ្ឌលគិរី ឱ្យសាមីខ្លួនទទួលស្គាល់ និងបានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ឭ
កិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន៤នាក់(ស្រីម្នាក់)រួមមាន ទី១-ឈ្មោះ ស៊ីម កុយ ប្រុសអាយុ ២១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរណា ឃុំស្រែខ្ទុម ,ទី២-ឈ្មោះ ខី ចាន់ធា (ហៅតយ) ភេទប្រុស អាយ ២៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ,ទី៣-ឈ្មោះ អ៊ិន សុភាព ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមានិងទី៤-ឈ្មោះ អឿន ស្រីរ៉ែន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ោដើមស្វាយ ឃុំក្រញូងសែនជ័យ ស្រុកស្នួល និងរឹបអូសវត្ថុតាងមួយចំនួន ៕(ដោយ SAKARA)