ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវបង្ក្រាបមុខសញ្ញា ពាក់ព័ន្ធករណីគំរាមប្លន់យកទ្រព្យសម្បត្តិ និងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស(រំលោភបូក) ចំនួន៤លើក។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី នៅត្រង់ចំណុចមុខផ្សារជម្ពូរវ័ន្ត ស្ថិតនៅភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សិទ្ធិ វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ដែលបានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិនិងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (រំលោភបូក) លើជនរងគ្រោះ៤នាក់ ក្នុង០៤ករណីផ្សេងគ្នា ។

លោកបន្តថា ករណីទី១-នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨យប់ ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរសព្ទដៃម៉ាក iPhone X ពណ៌ខ្មៅ ចំនួន០១គ្រឿង និង លុយចំនួន៥០០០០រៀល(ប្រាំម៉ឺនរៀល) របស់ជនរងគ្រោះ ត្រង់ចំណុចវាលស្រែ ភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
ករណីទី២-នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនិងប្លន់យក ទូរសព្ទដៃម៉ាក iPhone 11 ចំនួន០១ គ្រឿង , លុយខ្មែរចំនួន ៣៥០០០០រៀល (សាមសិបប្រាំម៉ឺនរៀល), ខ្សែកប្លាកទីនទម្ងន់៥ជីចំនួន០១ខ្សែ, ខ្សែសាកថ្មទូរសព្ទ ០១ខែ្ស របស់ជនរងគ្រោះ ត្រង់ចំណុចវាលស្រែ ភូមិពារាមសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
ករណីទី៣-នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៨និង៣៥នាទីយប់ជនសង្ស័យខាងលើ និង បក្ខពួក បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរសព្ទដៃម៉ាក iPhone 11 ProMax ចំនួន០១គ្រឿង របស់ជនរងគ្រោះ ត្រង់ចំណុចវាលស្រែ ភូមិ ពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

ករណីទី៤-នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៥និង៣០នាទីល្ងាច ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរសព្ទដៃ, ចិញ្ចៀន, ខ្សែក, នាឡិកាដៃ របស់ជនរងគ្រោះ ត្រង់ចំណុចវាលស្រែ ភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
លោក ជឹម ស៊ីថា បន្តថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ សិទ្ធិ វណ្ណៈ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួចសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ចូច រ័ត្នភេទប្រុស អាយុ២១ឆ្នាំ ត្រង់ចំណុចផ្ទះជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល យកមកសាកសួរតាមនីតិវិធីច្បាប់តែម្តង ៕(ដោយ SAKARA)
