សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកនឹងអង្គុយសម្រាប់បទសម្ភាសន៍ជាមួយFBI ខណៈទីភ្នាក់ងារនេះនៅតែបន្តស៊ើបអង្កេតនូវអ្វីដែលជំរុញទឹកចិត្តលោក Thomas Crooks អាយុ ២០ ឆ្នាំឱ្យព្យាយាមធ្វើឃាតលោកត្រាំនៅឯការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតក្នុងរដ្ឋ Pennsylvania ។
លោកត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទថា «ពួកគេនឹងចូលមកនៅថ្ងៃព្រហស្បតិ៍ ទី ១ ខែសីហាឆ្នាំ២០២៤ដើម្បីជួបខ្ញុំ»។
មន្ត្រី FBI ម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ប៉ូលិសបានកត់សម្គាល់ឃើញបុរសម្នាក់ ដែលព្យាយាមធ្វើឃាតលោកត្រាំ ជាងមួយម៉ោងមុនពេលការបាញ់ប្រហារនៅថ្ងៃទី ១៣ ខែកក្កដានៅទីក្រុង Butler រដ្ឋ Pennsylvania ហើយបានថតរូបដើម្បីចែករំលែកជាមួយមន្រ្តីអនុវត្តច្បាប់ដទៃទៀត។
លោក Kevin Rojek ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យចល័ត Pittsburgh របស់ FBI បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសង្ខេបស្តីពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះថា «ជនបាញ់ប្រហារត្រូវបានកំណត់អត្តសញ្ញាណថាជាមនុស្សគួរឱ្យសង្ស័យ»។
លោកបាននិយាយថា មន្ត្រីក្នុងតំបន់ម្នាក់បានថតរូប Crooks ហើយផ្ញើវាទៅមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតនៅកន្លែងកើតហេតុនៃការប្រមូលផ្តុំរបស់លោកត្រាំនៅថ្ងៃនោះ។ ប្រហែល ៣០ នាទីក្រោយមក លោក Rojek បាននិយាយថាប្រតិបត្តិករក្រុម SWAT បានឃើញ Crooks ប្រើឧបករណ៍កែវយឹត និងរុករកទីតាំងថ្មីៗ។
លោក Rojek បាននិយាយថា គេឃើញលោក Crooks យួរកាបូបនៅម៉ោងប្រហែល ៥និង៥៦ល្ងាច តិចជាង ២០នាទីមុនពេលការបាញ់ប្រហារបានកើតឡើង ហើយនៅម៉ោង ៦និង០៨ ល្ងាច គាត់ត្រូវបានកាមេរ៉ាសុវត្ថិភាពលើឡានរបស់ប៉ូលិសចាប់បានកំពុងដើរនៅលើដំបូលពីកន្លែងដែលគាត់បានបាញ់ចុងក្រោយ។
លោកបាននិយាយថា ទោះបីជា FBI មិនមែនជាទីភ្នាក់ងារដែលទទួលខុសត្រូវក្នុងការស៊ើបអង្កេតព្រឹត្តិការណ៍រាល់នាទីនៅក្នុងសន្តិសុខរបស់លោកត្រាំក៏ដោយ ក៏បុគ្គលិក FBI នៅតែបញ្ចូលគ្នានូវពេលវេលានានានៃព្រឹត្តិការណ៍នេះ។
មន្ត្រី FBI និយាយថា ពួកគេនៅមិនទាន់កំណត់បាននូវចេតនារបស់លោក Crooks ដែលត្រូវភ្នាក់ងារ FBI បាញ់សម្លាប់ ក្រោយការបើកការបាញ់ប្រហារនោះទេ៕(ប្រែសម្រួលដោយ លោកសំណាង)