ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហរដ្ឋអាមេរិក International Medical Relief សហការជាមួយ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះ ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលមានប្រជាជាពលរដ្ឋចូលរួមចំនួន១៥០នាក់ ។
កម្មវិធីប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងបរិវេណ. វត្តមង្គលវ័ន្ត ស្ថិតក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រោមអធិបតីភាព ឯកឧត្តម យស់ ផានីតា ទីប្រឹក្សាររបស់អង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ប្រចាំនៅកម្ពុជា និង លោក ថេង សុថុលអភិបាលខណ្ឌ៧មករា ដោយមានការចូលពី លោកវេជ្ជបណ្ឌិត អាម៉ា ដេវ ប្រធានក្រុមគ្រូពេទ្យ តំណាងលោកស្រី សូណា ឃីង ប្រធានអង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ -ក្រុមគ្រូពេទ្យ សហរដ្ឋអាមេរិកចំនួន១៥នាក់ និងក្រុមកគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយឥតឧបមា ដែលអង្គការ សង្គ្រោះរេជ្ជសាស្រ្តអន្តរជាតិបានចុះមកពិនិត្យសុខភាពទូទៅជូនប្រជាពលរដ្ឋ ក្រីក្រខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌរបស់យើងខ្ញុំ។ ហើយកម្មវិធីថ្ងៃនេះដែរ កើតឡើងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គការដៃគូ សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។
លោកអភិបាល បានបន្តថា កម្មវិធីពេលនេះគឺជាលើកទី២ ហើយដែលក្រុមគ្រូពេទ្យ សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ចុះមកខណ្ឌ៧មករា ទោះបីជាកម្មវិធី ពិនិត្យសុខភាពនេះមានរយៈពេលខ្លី ត្រឹមតែ៤ថ្ងៃ គឺថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ទោះបីជាយើងពុំមានលទ្ធភាព ពិនិត្យជូនបងប្អូនបានទាំងអស់គ្នាយ៉ាងណាក្តី ក៏កម្មវិធីនេះពិតជាអាចជួយ សម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាតរបស់យើង ដែលមានបញ្ហាសុខភាពបានយ៉ាងច្រើនផងដែរ។
លោកស្រី ម៉ារីណា អ្នកសម្របសម្រួលកម្មវិធី នេះ បានឲ្យដឹងថា កម្មវិធីនេះមានចំនួន៤ថ្ងៃថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ក្រុមគ្រូពេទ្យ សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ International Medical Relief សហការជាមួយ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានពិនិត្យជំងឺទូទៅ ជាពិសេស បញ្ហាសុខភាពមាត់ធ្មេញ ពិនិត្យភ្នែក ពិនិត្យសន្លាក់ឆ្អឹង ទឹកនោមផ្អែម លើសឈាម ជាដើម ៕ ដោយ ៖ គា សំណាង