នគរបាលព្រហ្មទណ្ឌ បង្ហាញមុខចោរលួចម៉ូតូម្នាក់ នៅចំណុចមុខកំពង់ចម្លងអរិយក្សត្រ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួង បង្ហាញមុខនាថ្ងៃទី២៦កក្កដាឆ្នាំ២០២៤នេះ បន្ទាប់ពីបានឃាត់ខ្លួនក្នុងករណីលួចម៉ូតូមួយគ្រឿង នៅចំណុចមុខកំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខខណ្ឌដូនពេញ ។

សមត្ថកិច្ចនិយាយថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចមុខកំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាច់សោកលួចម៉ូតូ។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក រិន្ទ សុវណ្ណារិទ្ធិ អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ។

សមត្ថកិច្ចបន្តថា ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះឱម សុផានិត ហៅក្រៅគរ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅ ភូមិ៦ សង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលេី នាយកដ្ឋានបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ៕(ដោយគា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *