ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅនេប៉ាល់ ស្លាប់ទាំងអស់ រស់តែពីឡុតម្នាក់

នេប៉ាល់ ៖ មានហេតុការណ៍ដ៏រន្ធត់មួយ ដែលយន្តហោះដឹកអ្នកដំណើរបានធ្លាក់ និងសម្លាប់មនុស្ស១៨នាក់ នៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីរអិលធ្លាក់ពីផ្លូវរត់ ហើយផ្ទុះឆេះ ដោយមានតែអ្នកបើកបរម្នាក់ប៉ុណ្ណោះនៅរស់។

វីដេអូបានបង្ហាញយន្តហោះ Bombardier CRJ 200 ហោះចុះទាបពីលើផ្លូវរត់ មុននឹងផ្អៀងទៅចំហៀង ហើយក៏ដាំក្បាលទៅដីយ៉ាងលឿន។ យន្តហោះបានផ្ទុះឆេះ បន្ទាប់ពីវាធ្លាក់ ជាមួយផ្សែងខ្មួលខ្មាញ់ ខណៈមនុស្សមើលយ៉ាងរន្ធត់ពីឡានក្រុងនៅអាកាសយានដ្ឋាន។

យន្តហោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Saurya Airlines កំពុងធ្វើដំណើរទៅកាន់ទីក្រុងរមណីយដ្ឋាន Pokhara នៅពេលដែលវាបានរអិលធ្លាក់ពីផ្លូវរត់នៅឯអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងរដ្ឋធានីកុដមណ្ឌូ អំឡុងពេលហោះឡើងនៅម៉ោងប្រហែល ១១ ព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ ទី២៤ ខែកក្កដាឆ្នាំ២០២៤ ។

ក្រុមមន្ត្រីបាននិយាយថា យន្តហោះនេះកំពុងដឹកអាកាសយានិកម្នាក់និងអ្នកបច្ចេកទេស ១៧ នាក់ទៅកាន់ទីក្រុងPokhara ដើម្បីជួសជុលយន្តហោះមួយទៀត។

អ្នកបើកយន្តហោះគឺជាមនុស្សតែម្នាក់គត់នៅលើយន្តហោះដែលនៅរស់រានមានជីវិត ខណៈដែលមន្ត្រីនិយាយថាមនុស្ស ១៨ នាក់បានស្លាប់នៅក្នុងការធ្លាក់នេះ។ នៅ​ក្នុង​រូបថត​ឃើញគេសែងគាត់ចេញ​ពី​បំណែក​យន្តហោះ។

វីដេអូពីកន្លែងធ្លាក់យន្តហោះ បង្ហាញក្រុមអ្នកពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ហុយឡើងលើមេឃ ជាមួយនឹងវីដេអូផ្សេងទៀត បង្ហាញពីក្រុមអ្នកជួយសង្រ្គោះព្យាយាមកាយបំណែកយន្តហោះ ដែលរាយប៉ាយពេញវាលស្មៅខៀវខ្ចី។

រូបភាពប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញ សាកសពត្រូវបានដឹកទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ខណៈពេលដែលអ្នកស្រុកឈរមើល។

លោក Tej Bahadur Poudyal អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៃទីក្រុងកុដមណ្ឌូ បាននិយាយថា «មានតែអ្នកបើកយន្តហោះប៉ុណ្ណោះត្រូវបានជួយសង្គ្រោះទាំងនៅរស់ និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ»។ 

វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យ ដែលមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា«អ្នកបើកយន្តហោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Kathmandu Medical College ដើម្បីព្យាបាល»។

វេជ្ជបណ្ឌិត​បាន​បន្ថែមថា «អ្នកបើកបរ​មាន​របួស​ភ្នែក ប៉ុន្តែ​ជីវិត​របស់គាត់​មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ​»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *