ជិះម៉ូតូវ៉ាជែងជ្រុលទៅប៉ះម៉ូតូ ដួលចូលក្រោមកុងតឺន័រកិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូវ៉ាជែងជ្រុលទៅប៉ះម៉ូតូ ដួលចូលក្រោមរថយន្តកុងតឺន័រកិនស្លាប់ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះ សាន់ ធី អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅម្ដុំចំការដូង មានស្រុក កំណើតនៅខេត្តព្រៃវែង ជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-9131, ឯរថយន្តកុងតឺន័រ បានបើកគេចបាត់ ។ 

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន បានប៉ះដៃចង្កូតជាមួយម៉ូតូ១គ្រឿង ដែលស្របទិសគ្នាបណ្ដាលឱ្យរេទៅបុកម៉ូតូមួយគ្រឿងទៀត មកពីទិសផ្ទុយគ្នារួចដួល ក៏ត្រូវរថយន្តកុងតឺន័រកិនពីលើតែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូរក្សាទុកជាបណ្តោះអាសន្ន, ចំណែកឯសពត្រូវសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ (ដោយ ៖ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *