ចិនតៃវ៉ាន ៖ តៃវ៉ាន់បានត្រៀមលក្ខណៈការពារខ្លួននៅថ្ងៃពុធ ទី២៤ កក្កដាឆ្នាំ២០២៤នេះ នៅមុនពេលការមកដល់នៃព្យុះទីហ្វុង Gaemi ខណៈទីផ្សារហិរញ្ញវត្ថុបានបិទ ប្រជាជនត្រូវបានផ្តល់ការឈប់សម្រាក១ថ្ងៃពីការងារជើងហោះហើរត្រូវបានលុបចោល និងយោធាប្រុងជើងការខ្ពស់ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។
Gaemi ដែលជាព្យុះទីហ្វុងដំបូងគេនៃរដូវកាលព្យុះដែលប៉ះពាល់កោះតៃវ៉ាន់ ត្រូវបានរំពឹងថា នឹងបោកបក់មកលើឆ្នេរសមុទ្រភាគឦសាននៅល្ងាចថ្ងៃពុធនេះ ។នេះបើយោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់កោះនេះ។
បច្ចុប្បន្នត្រូវបានចាត់ថ្នាក់ថាជាព្យុះទីហ្វុងកម្លាំងមធ្យមដោយតៃវ៉ាន់ ព្យុះនេះទំនងជានឹងផ្លាស់ទីឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយបន្ទាប់មកវាយប្រហារខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិននៅរសៀលថ្ងៃសុក្រ។
នៅតំបន់ជនបទដាច់ស្រយាល ស្រុក Yilan ជាកន្លែងដែលព្យុះទីហ្វុងនឹងបោកបក់មកលើមុនគេ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ជនបទនេះ។
ការងារ និងសាលារៀនត្រូវបានផ្អាកនៅទូទាំងកោះតៃវ៉ាន់ ដោយផ្លូវនានានៃរដ្ឋធានីតៃប៉ិ ស្ទើរតែស្ងាត់គ្មានមនុស្សក្នុងអំឡុងម៉ោងដ៏មមាញឹក ចំពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ក្រសួងដឹកជញ្ជូនបាននិយាយថា ជើងហោះហើរក្នុងស្រុកស្ទើរតែទាំងអស់ត្រូវបានលុបចោល រួមជាមួយនឹងជើងហោះហើរអន្តរជាតិចំនួន ២៧ ។
ទោះជាយ៉ាងណាក៏ដោយ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនរំពឹងថារោងចក្រទាំងអស់របស់ខ្លួននឹងរក្សាផលិតកម្មធម្មតាក្នុងអំឡុងពេលព្យុះទីហ្វុង ដោយបន្ថែមថា ក្រុមហ៊ុនបានដំណើរការនីតិវិធីត្រៀមខ្លួនទប់ទល់តាមទម្លាប់។
រដ្ឋបាលអាកាសធាតុបាននិយាយថា តំបន់ភ្នំកណ្តាល និងភាគខាងត្បូងនៃកោះតៃវ៉ាន់ ត្រូវបានរំពឹងថានឹងមានភ្លៀងធ្លាក់សរុបរហូតដល់ ១.៨០០ មិល្លីម៉ែត្រ ក្នុងអំឡុងពេលព្យុះទីហ្វុងនេះ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា «ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ការសង្គ្រោះគ្រោះមហន្តរាយនិងដាក់កងកម្លាំងរបស់ខ្លួនប្រុងជើងការខ្ពស់»៕(ប្រែសម្រួលដោយ លោកសំណាង)