វៀតណាម ៖ បក្សបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដាឆ្នាំ២០២៤ថា ប្រធានាធិបតីវៀតណាម ថូ ឡាំ (To Lam) បានទទួលភារកិច្ចពីប្រធានបក្សកុំម្មុយនីស្ត ង្វៀន ភូ ជុង (Nguyen Phu Trong) ដែលកំពុងផ្តោតលើការព្យាបាលសុខភាពរបស់គាត់។
ចំណាត់ការដ៏សម្បើមនេះកើតឡើងបន្ទាប់ពីមានរឿងល្ហិចល្ហៀងជាច្រើនខែថា សុខភាពរបស់លោកជុងកំពុងចុះខ្សោយ។ គណបក្សមិនបានបញ្ជាក់ថា គាត់កំពុងទទួលការព្យាបាលជំងឺអ្វីនោះទេ។
លោកឡាំ ដែលជាអតីតប្រធានសន្តិសុខផ្ទៃក្នុង ត្រូវគេមើលឃើញយ៉ាងទូលំទូលាយថា ជាបេក្ខជនកំពូលដើម្បីជំនួសលោកជុង នៅពេលអាណត្តិរបស់គាត់បញ្ចប់នៅឆ្នាំ ២០២៦។ ការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់គណបក្សបានប្រគល់ភារកិច្ចឱ្យគាត់ធ្វើជាប្រធាន «ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន»។នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យកណ្តាលរបស់គណបក្ស។
ទោះបីជាវៀតណាមមិនមានមេដឹកនាំកំពូលជាផ្លូវការក៏ដោយ ក៏ប៉ុន្តែប្រធានបក្សមានតំណែងដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសដែលគ្រប់គ្រងដោយកុំម្មុយនីស្តនេះ។ លោកជុង អាយុ ៨០ ឆ្នាំ បានកាន់តំណែងតាំងពីឆ្នាំ ២០១១។
លោកជុង ដែលប្រកាន់មនោគមវិជ្ជាម៉ាក្ស-លេនីននិយម ចាប់តាំងពីឆ្នាំ ២០១៧ មក បានបញ្ចេញនូវអ្វីដែលមនុស្សជាច្រើនមើលឃើញថាជាការបង្រ្កាបយកស្ទីលតាមចិនលើអំពើពុករលួយ ដែលគេស្គាល់ថា «រងើកភ្លើង»។ ប៉ុន្តែក្នុងប៉ុន្មានខែថ្មីៗនេះ គាត់ហាក់ដូចជាទន់ខ្សោយនៅក្នុងព្រឹត្តិការណ៍សាធារណៈ និងខកខានកិច្ចប្រជុំថ្នាក់កំពូលមួយចំនួន។
នៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល ការិយាល័យនយោបាយបានផ្តល់មេដាយផ្កាយមាសដល់លោកជុង កាលពីថ្ងៃព្រហស្បតិ៍ ដែលជាកិត្តិយសខ្ពស់បំផុតរបស់ប្រទេសសម្រាប់មន្ត្រីសាធារណៈ។
លោកឡាំបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីខែឧសភា បន្ទាប់ពីមេដឹកនាំកំពូលៗជាច្រើនបានលាលែងពីដំណែងចំពេលមានការចោទប្រកាន់ពីអំពើខុសឆ្គងដែលមិនបានបញ្ជាក់ច្បាស់លាស់ ដែលជាផ្នែកនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាដែលបានចាប់ផ្តើមដោយលោកជុង។
លោកឡាំ ដែលជាតួអង្គសំខាន់ក្នុងការបង្រ្កាប បានសន្យាបន្ទាប់ពីការបោះឆ្នោតរបស់គាត់ថានឹង «បន្តការតស៊ូប្រឆាំងអំពើពុករលួយដោយការតាំងចិត្តនិងខ្ជាប់ខ្ជួន»។ទីផ្សារភាគហ៊ុនសំខាន់របស់វៀតណាមបានកើនឡើង ០,៥ ភាគរយបន្ទាប់ពីការប្រកាសនេះ។
អ្នកការទូតលោកខាងលិចជាន់ខ្ពស់ដែលមានមូលដ្ឋាននៅទីក្រុងហាណូយម្នាក់បាននិយាយថា លោកមើលឃើញថាអំណាចកាន់តែយូររបស់លោកឡាំជា «ការល្អសម្រាប់ស្ថិរភាព»។
ប៉ុន្តែអ្នកការទូត ដែលបដិសេធមិនបញ្ចេញអត្តសញ្ញាណរូបនេះ បានបន្ថែមថា «យើងនឹងត្រូវមើលថាតើវាមានឥទ្ធិពលលើគោលនយោបាយសេដ្ឋកិច្ច បរទេស និងក្នុងស្រុក និងក្នុងទិសដៅណា»៕(ប្រែសម្រួលដោយ លោកសំណាង)