សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ជាមួយនឹងរោគសញ្ញាស្រាលកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ភ្លាមៗបន្ទាប់ពីបានទទួលស្គាល់ថាលោកនឹងពិចារណាដាក់ចុះការប្រជែងបោះឆ្នោតឡើងវិញដែលពោរពេញដោយបញ្ហា ប្រសិនបើគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
អ្នកប្រជាធិបតេយ្យអាយុ ៨១ ឆ្នាំរូបនេះបានលើកមេដៃដាក់អ្នកសារព័ត៌មានពីឡានរបស់គាត់ហើយនិយាយថា «ខ្ញុំមានអារម្មណ៍ល្អ»នៅពេលគាត់ផ្អាកការធ្វើដំណើរយុទ្ធនាការទៅទីក្រុង Las Vegas ហើយហោះទៅកាន់ផ្ទះឆ្នេរសមុទ្ររបស់គាត់នៅ Delaware ដើម្បីធ្វើចត្តាឡីស័ក។
លោកបៃដិន បានថ្លែងអំណរគុណចំពោះអ្នកជូនពរនៅលើ X ដោយបន្ថែមថា «ខ្ញុំនឹងធ្វើចត្តាឡីស័កខណៈខ្ញុំកំពុងសម្រាកព្យាបាល ហើយក្នុងអំឡុងពេលនេះ ខ្ញុំនឹងបន្តធ្វើការដើម្បីឱ្យការងារសម្រេចបានសម្រាប់ប្រជាជនអាមេរិក»។
ប៉ុន្តែការឆ្លងមេរោគនេះបានកើតឡើងនៅគ្រាដ៏សំខាន់សម្រាប់យុទ្ធនាការរបស់លោកបៃដិន បន្ទាប់ពីការជជែកដេញដោលដ៏មហន្តរាយទល់នឹងគូប្រជែង គឺលោកដូណាល់ ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភអំពីសុខភាពរបស់គាត់និងការអំពាវនាវពីសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនឱ្យគាត់ចុះចេញពីតំណែង។
វាក៏ជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងរយៈពេលពីរបីថ្ងៃដ៏ច្របូកច្របល់ផងដែរនៅក្នុងការប្រណាំងសេតវិមានដ៏គួរឱ្យភ័យខ្លាចដែលបានឃើញលោកត្រាំមកពីគណបក្សសាធារណរដ្ឋរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត នៅឯការប្រមូលផ្តុំយុទ្ធនាការរបស់គាត់ផ្ទាល់។
លោកចូ បៃដិន ត្រូវបានបង្ខំឱ្យលុបចោលសុន្ទរកថាទៅកាន់សហជីពតំណាងឱ្យកម្មករ និយោជិតឡាទីន ដែលនឹងមានសារៈសំខាន់សម្រាប់ការប្រជែងការបោះឆ្នោតរបស់គាត់ ដោយបានចូលរួមព្រឹត្តិការណ៍យុទ្ធនាការមួយនៅពេលព្រឹក និងបានផ្តល់បទសម្ភាសន៍តាមវិទ្យុ។
អ្នកនាំពាក្យរបស់លោក គឺនាង Karine Jean-Pierre បាននិយាយថា លោកបៃដិនបានចាក់ថ្នាំបង្ការ និងដូសជំរុញរួចហើយ ពេលនេះកំពុងលេបថ្នាំ COVID-19 Paxlovid ហើយ «បន្តបំពេញភារកិច្ចពេញលេញរបស់ការិយាល័យខណៈធ្វើចត្តាឡីស័ក»។
វេជ្ជបណ្ឌិតនៅសេតវិមាន លោក Kevin O’Connor បាននិយាយថា លោកបៃដិនបានរ៉ាយរ៉ាប់ពីការហៀរសំបោរក្អក និង «ជំងឺទូទៅ» ហើយបន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍យុទ្ធនាការ លោកបានធ្វើតេស្តវិជ្ជមានកូវីដតែម្តង៕(ប្រែសម្រួលដោយ លោកសំណាង)