ប្រទេសថៃ ៖ ប៉ូលិសថៃកំពុងស៊ើបអង្កេតការស្លាប់ជនបរទេស០៦ នាក់ ដែលសាកសពពួកគេត្រូវបានរកឃើញនៅក្នុងបន្ទប់សណ្ឋាគារប្រណីតមួយក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារ ទី១៦ កក្កដា ឆ្នាំ២០២៥ ដោយអាជ្ញាធរសង្ស័យថា«ពួកគេត្រូវបានបំពុល»។ ប៉ូលិសក៏កំពុងស្វែងរកមនុស្សទី ៧ ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះផងដែរ។
មន្ត្រីប៉ូលិសឈ្មោះ Thiti Saengsawang បានប្រាប់អ្នកយកព័ត៌មានថា «ជនរងគ្រោះទាំងប្រាំមួយនាក់ ដែលមានដើមកំណើតវៀតណាម ជាមួយអ្នកកាន់លិខិតឆ្លងដែនអាមេរិកពីរនាក់ បានចូលសណ្ឋាគារ Grand Hyatt Erawan នៅទីក្រុងបាងកក នៅម៉ោងចំនួនពីរផ្សេងគ្នា បន្ទាប់ពីមកដល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ»។
លោកបានបន្តថា«ក្រុមជនបរទេសដែលមានបុរសបីនាក់និងស្ត្រីបីនាក់បានចូលទៅក្នុងបន្ទប់ផ្សេងគ្នា ប៉ុន្តែសាកសពរបស់ពួកគេត្រូវបានរកឃើញក្នុងបន្ទប់តែមួយ ដែលមិនមានសញ្ញានៃការប្រតាយប្រតប់អ្វីទេ»។
លោក Thiti បាននិយាយថា «នេះមិនមែនជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯងទេ ប៉ុន្តែមាននរណាម្នាក់បង្កឲ្យពួកគេស្លាប់»,ដោយបន្ថែមថា «ប៉ូលិសកំពុងស្វែងរកមនុស្សទី ៧ ដែលមានទំនាក់ទំនងជាមួយក្រុមអ្នកស្លាប់នេះ។ យើងកំពុងតាមដានគ្រប់ជំហានចាប់តាំងពីពួកគេចុះពីយន្តហោះ»។
លោកបានបន្តថា ការពិនិត្យបឋមមិនបានរកឃើញភស្តុតាងនៃការបង្ករបួសទាក់ទងនឹងការវាយតប់ ឬចោរកម្មនោះទេប៉ុន្តែបានបង្ហាញថាអ្នកទាំង០៦នាក់បានទទួលទានសារធាតុពុល។
លោក Thiti បាននិយាយថា «យើងត្រូវតែស្វែងរកមូលហេតុ។ អ្វីដែលយើងអាចបញ្ជាក់បាននៅពេលនេះគឺថា ពួកគេមិនមែនស្លាប់ដោយសារការធ្វើអត្តឃាតទេ ប៉ុន្តែដោយសារតែការសម្លាប់ពីអ្នកដទៃ»។
ប៉ូលិសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីប៉ូលិសបានរកឃើញសាកសពបន្ទាប់ពីការហៅទូរសព្ទពីបុគ្គលិកសណ្ឋាគារនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាចម៉ោងក្នុងស្រុកដែលរាយការណ៍ថាមានអ្នកស្លាប់។
លោក Thiti បាននិយាយថា ភ្ញៀវទាំងនេះមិនបានចាកចេញពីសណ្ឋាគារនៅរសៀលនោះទេ។ ចំណែកបុគ្គលិកផ្នែកសម្អាតបានប្រទះឃើញសាកសពពេលពួកគេមកដល់ដើម្បីតុបតែងបន្ទប់នៅជាន់ទីប្រាំ។
អ្នកនាំពាក្យប៉ូលិសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារថា «សារធាតុគួរឱ្យសង្ស័យ» ត្រូវបានរកឃើញនៅបាតកែវនៅក្នុងបន្ទប់សណ្ឋាគារ៕(ប្រែសម្រួលដោយ លោកសំណាង)