សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ បានជ្រើសរើសលោក ជេឌី វ៉ាន់ (JD Vance) សមាជិកព្រឹទ្ធសភាមកពីរដ្ឋOhio ជាមិត្តរួមតំណែងរបស់លោកកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយរុញលើកតម្កើងអ្នកនយោបាយដែលធ្លាប់តែរិះគន់អតីតប្រធានាធិបតីរូបនេះយ៉ាងសាយាវ ប៉ុន្តែចាប់តាំងពីពេលនោះមកបានក្លាយជាអ្នកការពារដ៏រឹងមាំបំផុតរបស់គាត់។
ព័ត៌មាន ដែលបានប្រកាសដំបូងគេនៅលើគេហទំព័របណ្តាញសង្គម Truth របស់លោកត្រាំ បានលេចឡើងនៅពេលចាប់ផ្តើមនៃសន្និបាតជាតិរបស់បក្សសាធារណរដ្ឋរយៈពេល ៤ ថ្ងៃនៅទីក្រុង Milwaukee ខណៈដែលប្រតិភូគណបក្សសាធារណរដ្ឋបានប្រកាសអតីតប្រធានាធិបតីជាបេក្ខជនតែងតាំងរបស់ពួកគេដូចការរំពឹងទុក។
លោកត្រាំបានសរសេរនៅលើ Truth ថា «បន្ទាប់ពីការពិចារណា និងការគិតយ៉ាងយូរ និងពិចារណាលើទេពកោសល្យដ៏អស្ចារ្យរបស់អ្នកដទៃជាច្រើននាក់ ខ្ញុំបានសម្រេចចិត្តថាបុគ្គលដែលស័ក្តិសមបំផុតក្នុងការឡើងកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក គឺសមាជិកព្រឹទ្ធសភា លោក ជេឌី វ៉ាន់ នៃរដ្ឋ Ohio»។
សន្និបាតរយៈពេលបួនថ្ងៃបានបើកនៅ Fiserv Forum នៃទីក្រុង Milwaukee ពោលគឺពីរថ្ងៃបន្ទាប់ពីត្រាំបានរួចផុតពីការប៉ុនប៉ងធ្វើឃាតទាំងប្រផុតប្រផើយនៅរដ្ឋ Pennsylvania ហើយតែប៉ុន្មានម៉ោងបន្ទាប់ពីគាត់ទទួលបានជ័យជម្នះផ្នែកច្បាប់ដ៏សំខាន់នៅពេលដែលចៅក្រមសហព័ន្ធបានច្រានចោលការកាត់ទោសព្រហ្មទណ្ឌរបស់ត្រាំ។
ការជ្រើសរើសលោក ជែមស៍ ដេវីត វ៉ាន់ (James David Vance) ដែលជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតHillbilly Elegy អាចជួយបង្កើនចំនួនអ្នកបោះឆ្នោតសម្រាប់ត្រាំក្នុងការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខ។បុរសមានដើមកំណើតនៅរដ្ឋ Ohio រូបនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងមូលដ្ឋានបេក្ខជនមកពីគណបក្សសាធារណរដ្ឋ៕(ប្រែសម្រួលដោយ លោកសំណាង)