សហរដ្ឋអាមេរិក ៖ គូប្រជែងទាំងទ្វេ គឺលោក ចូ បៃដិន និង លោក ដូណាល់ ត្រាំ បានជំរុញឱ្យជនជាតិអាមេរិកបង្ហាញការរួបរួមសាមគ្គីកាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើបេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ ដែល FBI បាននិយាយថា«កំពុងត្រូវបានស៊ើបអង្កេតថាអាចជាសកម្មភាពអំពើភេរវកម្មក្នុងស្រុក»។
ការវាយប្រហារនេះបានគំរាមហែកប្រទេសដែលបែកបាក់គ្នានេះបន្ថែមទៀតនៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយឧបទ្ទវហេតុ ដែលរូបលោកត្រាំត្រូវគេបាញ់ចំស្លឹកត្រចៀក នៅឯការប្រមូលផ្តុំយុទ្ធនាការមួយ ក៏ត្រូវបានស៊ើបអង្កេតផងដែរថាជាបរាជ័យផ្នែកសន្តិសុខដ៏ធំមួយ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេនៅតែកំពុងស៊ើបអង្កេតលើចេតនានៃអ្នកបាញ់ប្រហារអាយុ ២០ ឆ្នាំឈ្មោះThomas Matthew Crooks ដែលត្រូវបានបាញ់សម្លាប់ដោយអ្នកលបបាញ់ នៅឯព្រឹត្តិការណ៍ក្នុងទីក្រុង Butler រដ្ឋ Pennsylvania បន្ទាប់ពីបានបាញ់ជាច្រើនគ្រាប់ជាមួយនឹងកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិដែលបានទិញដោយស្របច្បាប់។
លោកចូ បៃដិនបានគ្រោងចេញមកថ្លែងការណ៍ទៅកាន់ប្រទេសជាតិនៅពេលល្ងាចថ្ងៃអាទិត្យ (ព្រឹកទៀបភ្លឺថ្ងៃចន្ទនៅកម្ពុជា) ពីការិយាល័យពងក្រពើ ជាជំហានមួយដែលត្រូវបានបម្រុងទុកសម្រាប់គ្រានៃវិបត្តិធ្ងន់ធ្ងរ ដែលលោកបានអនុវត្តត្រឹមតែបីដងប៉ុណ្ណោះក្នុងអំឡុងពេលលោកជាប្រធានាធិបតី។
អតីតប្រធានាធិបតីលោកដូ ណាល់ត្រាំបាននិយាយនៅលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា ប្រជាជនអាមេរិកមិនគួរអនុញ្ញាតឱ្យ «អំពើអាក្រក់ឈ្នះបានឡើយ»ហើយបានបន្ថែមថាវា «សំខាន់ជាងពេលណាៗទាំងអស់ដែលយើងរួបរួមសាមគ្គីគ្នា»។
បុរសអាយុ ៧៨ ឆ្នាំរូបនេះក្រោយមកបានបន្ថែមនៅលើបណ្តាញសង្គមថា វាជា«ព្រះតែមួយគត់»ដែលបានជួយសង្គ្រោះគាត់។ ភរិយារបស់ត្រាំ លោកស្រីមេឡានីបានហៅអ្នកបាញ់ប្រហារថា «បិសាច»។
លោកត្រាំហូរឈាមប្រឡាក់ពេញមុខពីការវាយប្រហារដែលបានសម្លាប់អ្នកឈរមើលម្នាក់ផងដែរ ខណៈមនុស្សពីរនាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែលោកអាចលើកកណ្តាប់ដៃឡើងលើទៅកាន់ហ្វូងមនុស្ស ខណៈភ្នាក់ងារស៊ើបការណ៍សម្ងាត់បានចោមរោមគាត់និងបញ្ជូនគាត់ចេញទៅកន្លែងសុវត្ថិភាព។
លោកត្រាំ បានចុះចតកាលពីយប់ថ្ងៃអាទិត្យនៅទីក្រុង Milwaukee សម្រាប់សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ជាកន្លែងដែលគាត់នឹងត្រូវតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស ដោយក្រុមអ្នកគាំទ្រជឿថាការវាយប្រហារនេះនឹងធ្វើឱ្យអ្នកបោះឆ្នោតងាកមកគាំទ្រគាត់នៅខែវិច្ឆិកាខាងមុខ៕(ប្រែសម្រួលដោយ លោកសំណាង)