អ្នកគាំទ្រលោកត្រាំម្នាក់ប្រទះឃើញកាំភ្លើងវែងលើដំបូល ហើយរាយការណ៍ទៅប៉ូលិស មុនពេលមានការបាញ់ប្រហារលើលោកត្រាំ

សហរដ្ឋអាមេរិក ៖ សាក្សីម្នាក់ដែលគាំទ្រលោក ដូណាល់ ត្រាំ បានលាតត្រដាងថា គាត់បានជូនដំណឹងដល់ភ្នាក់ងារសម្ងាត់អំពីបុរសម្នាក់ដែលមានកាំភ្លើងវែងនៅលើដំបូលក្បែរនោះ​ គឺតែប៉ុន្មាននាទីប៉ុណ្ណោះមុនពេលខ្មាន់កាំភ្លើងបាញ់ស្រោចលើលោកត្រាំ នាល្ងាចថ្ងៃទី១៣កក្កដា ត្រូវនឹងម៉ោងប្រមាណ៥ព្រឹកថ្ងៃទី១៤កក្កដានៅកម្ពុជា។

សាក្សីដែលភ័យញ័រដងខ្លួននិងប្រាប់ត្រឹមឈ្មោះ Greg បានប្រាប់ BBC ថា «គាត់បានឃើញខ្មាន់កាំភ្លើងសង្ស័យម្នាក់ឡើងទៅលើដំបូលផ្ទះនៅខាងក្រៅព្រឹត្តិការណ៍ក្នុងទីក្រុង Butler រដ្ឋ Pennsylvania ហើយមានការងឿងឆ្ងល់ចំពោះកង្វះសកម្មភាពពីភ្នាក់ងារស៊ើបការណ៍»។

គាត់បាននិយាយថា «ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាត្រាំនៅតែនិយាយ ហេតុអ្វីបានជាពួកគេមិនទាញគាត់ចេញពីឆាក។រឿងបន្ទាប់ដែលអ្នកបានដឹង កាំភ្លើងប្រាំគ្រាប់បានបន្លឺក្ឌាំងៗឡើង»។

ខ្មាន់កាំភ្លើងត្រូវបានបាញ់ស្លាប់នៅលើដំបូលផ្ទះស្ថិតនៅចម្ងាយប្រហែល ១២២ ម៉ែត្រពីឆាក ហើយសាក្សីបាននិយាយថា «គាត់បានឃើញទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បាញ់បំបែកក្បាលខ្មាន់កាំភ្លើង»។

រដ្ឋអាជ្ញាប្រចាំតំបន់ Butler County លោក Richard Goldinger បាននិយាយថា គាត់ត្រូវបានអ្នកស៊ើបអង្កេតប្រាប់ថា ខ្មាន់កាំភ្លើង «គឺត្រូវការកាំភ្លើងវែង»ដើម្បីធ្វើការបាញ់ប្រហារ ព្រោះវាមានចម្ងាយឆ្ងាយពីឆាក។

លោកត្រាំបាននិយាយថា គាត់មានអារម្មណ៍ថា គ្រាប់កាំភ្លើងបានធ្វើឱ្យរយះស្បែករបស់គាត់ នៅពេលដែលគាត់ត្រូវបានគេបាញ់ចំត្រចៀកស្តាំ នៅក្នុងឈុតឆាកដ៏ច្របូកច្របល់នៅឯការជួបជុំគ្នានោះ មុនពេលគាត់ផ្តល់ទំនុកចិត្តដល់អ្នកគាំទ្រដោយក្តាប់ដៃឡើងលើទៅកាន់ហ្វូងមនុស្ស។

សាក្សីបានរៀបរាប់ពីរបៀបដែលគាត់ឃើញភ្នាក់ងារស៊ើបការណ៍សម្ងាត់ឡើងលើដំបូល បន្ទាប់ពីអ្នកបាញ់ប្រហារត្រូវបានសម្លាប់ ដោយរូបភាពពីបណ្តាញសង្គមបានបង្ហាញឱ្យឃើញបុរសម្នាក់ដេកស្លាប់ ខណៈដែលសមត្ថកិច្ចបានឡោមព័ទ្ធរូបគេ។

ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារ អ្នកគាំទ្រត្រាំរូបនេះបានប្រាប់ BBC ពីរបៀបដែលគាត់បានឃើញអ្នកបាញ់ប្រហាររៀបចំធ្វើឃាតអតីតប្រធានាធិបតីត្រាំ ហើយបាននិយាយថា អ្នកចូលរួមការជួបជុំនេះបានឃើញគាត់នៅលើដំបូលប្រហែលបីឬបួននាទីដោយគ្មានសកម្មភាពអ្វីឡើយ។

សាក្សីដដែលបាននិយាយថា «យើងបានកត់សម្គាល់ឃើញបុរសម្នាក់វារលើដំបូល អ្នកដឹងទេ កងទ័ពវារឡើងលើដំបូលអគារចម្ងាយ ៥០ ហ្វីតពីយើង។ ដូច្នេះ យើង​កំពុង​ឈរ​នៅ​ទី​នោះចង្អុល​ទៅ​បុរស​ដែល​វារ​ឡើង​លើ​ដំបូល គាត់​មាន​កាំភ្លើង យើង​ឃើញ​ច្បាស់​ថា​គាត់​មាន​កាំភ្លើង»។

គាត់បន្តថា «យើង​ចង្អុល​ទៅ​គាត់ ប៉ូលិស​ក៏ប្រញាប់ចុះ​ទៅ​ទីនោះ​។ យើងឃើញបុរសនោះនៅលើដំបូលប្រដាប់ដោយកាំភ្លើង ហើយប៉ូលិសឆ្ងល់ថាមានរឿងអី ពួកគេមិនដឹងថាមានអ្វីកើតឡើងទេ»។

«យើងអាចឃើញគាត់នៅទីនេះនៅលើដំបូល កំពុងតែវារក្រាប។ រឿងបន្ទាប់ដែលអ្នកដឹង គឺខ្ញុំឆ្ងល់ថាហេតុអ្វីបានជាត្រាំនៅតែនិយាយ? ហេតុអ្វីបានជាគេមិនទាញគាត់ចេញពីឆាក?»។

«ខ្ញុំឈរនៅទីនោះចង្អុលទៅខ្មាន់កាំភ្លើង ២-៣ នាទី ភ្នាក់ងារស៊ើបការណ៍សម្ងាត់សម្លឹងមើលមកពួកយើងពីកន្លែងពួននៅលើដំបូល ហើយខ្ញុំចង្អុលទៅដំបូលនោះ។ហើយរឿងបន្ទាប់អ្នកបានដឹងហើយ គឺកាំភ្លើងប្រាំគ្រាប់ផ្ទុះឡើង»។

នៅ​ពេល​សួរ​ថា​តើ​គាត់​ប្រាកដ​ទេ​ថា​តើ​ការ​បាញ់​ប្រហារ​ចេញមក​ពី​បុរស​ដែល​នៅ​លើ​ដំបូល​នោះ អ្នកគាំទ្រ​លោកត្រាំរូបនេះបាន​ឆ្លើយ​ថា «១០០ ភាគរយ លើ ១០០ ភាគរយ»។

គេអាចស្តាប់ឮភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្រែកថា «ខ្មាន់កាំភ្លើងដួលហើយ» នៅក្នុងភាពចលាចលនោះ។ទីភ្នាក់ងារ​នេះបាន​បញ្ជាក់​ថា «ឧបទ្ទវហេតុ​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត»។ សូមបញ្ជាក់ថាក្នុងហេតុការណ៍នេះមានមានអ្នកគាំទ្រម្នាក់ស្លាប់ និង របួស២នាក់ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *