បរទេស ៖ ក្រសួងការពារជាតិរបស់រដ្ឋាភិបាលក្រុងតូក្យូបាននិយាយកាលពីថ្ងៃសុក្រ ទី១២ កក្កដា ឆ្នាំ២០២៤ថាសកម្មភាពយោធារួមគ្នារបស់ចិន និងរុស្ស៊ីនៅជុំវិញប្រទេសជប៉ុនបង្ក «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ»ហើយកូរ៉េខាងជើងបានបង្កការគំរាមកំហែងខ្លាំងជាងពេលណាៗទាំងអស់ ។
នៅក្នុងឯកសារសប្រចាំឆ្នាំរបស់ខ្លួន ក្រសួងបានគូសបញ្ជាក់អំពីជំហររបស់ខ្លួនលើបញ្ហាជាច្រើន ចាប់ពីភាពតានតឹងជុំវិញកោះតៃវ៉ាន់ រហូតដល់ការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក។
ឯកសារនេះសរសេរថា ការល្បាតរួមគ្នាម្តងហើយម្តងទៀតដោយនាវាចិន និងរុស្ស៊ីនៅជុំវិញប្រទេសជប៉ុន «មានចេតនាយ៉ាងច្បាស់ក្រឡែតក្នុងការសម្ញែងកម្លាំងប្រឆាំងនឹងជប៉ុន និងជាការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងសន្តិសុខជាតិ»។
ទន្ទឹមនឹងនោះ កូរ៉េខាងជើង ដែលជារឿយៗធ្វើការបាញ់សាកល្បងមីស៊ីលក្នុងទិសដៅមកកាន់ប្រទេសជប៉ុន បានបង្កជា «ការគំរាមកំហែងកាន់តែធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ជប៉ុនជាងពេលណាៗទាំងអស់»។
កាលពីឆ្នាំមុន ឯកសារការពារជាតិនេះបានលើកឡើងពីតម្រូវការដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងតំបន់ រួមទាំងការកើនឡើងនៃកម្លាំងយោធារបស់ចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។
ជប៉ុនគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនទ្វេដងដល់ស្តង់ដារណាតូ គឺ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៧ ទោះបីជាតម្លៃនៃប្រាក់យ៉េនដែលធ្លាក់ចុះអាចកាត់បន្ថយអំណាចទិញរបស់ខ្លួនក៏ដោយ៕(ប្រែសម្រួលដោយ លោកសំណាង)