សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទួលរងនូវការវាយសំពងដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលតារាសម្តែង និងជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យឈានមុខលោកGeorge Clooney បានជំរុញឱ្យគាត់បោះបង់ការប្រជែងតំណែងប្រធានាធិបតីឡើងវិញរបស់គាត់ ខណៈដែលគីឡូធ្ងន់របស់គណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi បានបដិសេធមិនគាំទ្របេក្ខភាពរបស់គាត់នោះទេ។
លោក Clooney ដែលជាអ្នករៀបចំកម្មវិធីរៃអង្គាសប្រាក់ជាមួយលោកបៃដិនកាលពីខែមុន បានសរសេរនៅក្នុងកាសែត New York Times ថា «ខ្ញុំស្រឡាញ់ចូ បៃដិន ប៉ុន្តែការប្រយុទ្ធមួយដែលគាត់មិនអាចឈ្នះបានគឺការប្រយុទ្ធនឹងពេលវេលា»។
លោកបន្តថា «វាពិតជាឈឺចាប់ដែលនិយាយដូច្នេះ ប៉ុន្តែ ចូ បៃដិន ដែលខ្ញុំនៅជាមួយកាលពីបីសប្តាហ៍មុននៅឯកម្មវិធីរៃអង្គាសប្រាក់មិនមែនជា ជា បៃដិន ដែលខ្ញុំធ្លាប់ស្គាល់នៅឆ្នាំ ២០១០ ទេ។ គាត់មិនមែនជា ចូ បៃដិន ឆ្នាំ ២០២០ ទេ។គាត់គឺជាបុរសតែមួយដែលយើងទាំងអស់គ្នាបានឃើញនៅក្នុងការជជែកដេញដោលគ្នា»។

នៅឯកម្មវិធីរៃអង្គាសប្រាក់នៅទីក្រុង Los Angeles ដែលចាត់ចែងដោយលោក Clooney និងតារាភាពយន្ត Julia Roberts លោកបៃដិនហាក់ដូចជាអស់កម្លាំងល្ហិតល្ហៃនៅពេលដែលគាត់បានឡើងឆាកជាមួយអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
គាត់បានហោះត្រង់មកកាលីហ្វ័រញ៉ាភ្លាមតែម្តងពីកិច្ចប្រជុំកំពូល G7 នៅអ៊ីតាលី និងចាប់តាំងពីពេលនោះមកបានស្តីបន្ទោសលើការពុលយន្តហោះ និងផ្តាសាយ សម្រាប់សមត្ថភាពដ៏យ៉ាប់យ៉ឺនរបស់គាត់ក្នុងការជជែកដេញដោលតាមទូរទស្សន៍កាលពីថ្ងៃទី២៧ មិថុនា កន្លងទៅ ជាមួយលោក ដូណាល់ ត្រាំ។
ការប្រជែងយកអាណត្តិទី២របស់លោកបៃដិននៅសេតវិមានបានរងនូវសម្ពាធដ៏ធ្ងន់ធ្ងរចាប់តាំងពីការជជែកដេញដោលនោះមក ដែលក្នុងនោះគាត់ហាក់និយាយមិនអាចឱ្យគេយល់ន័យបាន និងឈរចំហមាត់ ខណៈត្រាំកំពុងនិយាយ៕(ប្រែសម្រួលដោយ លោកសំណាង)
