បរទេស ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីរសៀលថ្ងៃចន្ទ ទី១០ ខែមិថុនាឆ្នាំ២០២៤ បានអនុម័តនូវសេចក្តីសម្រេចចិត្តមួយរបស់សហរដ្ឋអាមេរិក ដែលស្វាគមន៍ចំពោះសំណើបទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតី ចូ បៃដិន ដែលសហរដ្ឋអាមេរិកនិយាយថាអ៊ីស្រាអែលបានទទួលយក។ សេចក្តីសម្រេចចិត្តនេះអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកផែនការបីដំណាក់កាល។
ក្នុងចំណោមសមាជិកទាំង ១៥ រុស្ស៊ីបានអនុប្បវាទក្នុងការបោះឆ្នោត ខណៈសមាជិកក្រុមប្រឹក្សាចំនួន ១៤ ប្រទេសទៀតបានបោះឆ្នោតគាំទ្រ។ សហរដ្ឋអាមេរិកបានរៀបចំរួចរាល់នូវអត្ថបទរបស់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចរចារយៈពេលប្រាំមួយថ្ងៃក្នុងចំណោមសមាជិកក្រុមប្រឹក្សា។

ក្រុមហាម៉ាស់បានស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលគាំទ្រសំណើសុំបទឈប់បាញ់នៅហ្គាហ្សា ដោយនិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអ្នកសម្របសម្រួលលើការអនុវត្តគោលការណ៍នៃផែនការ។
ក្រុមហាម៉ាស់ក៏បាននិយាយផងដែរថា ខ្លួនមានឆន្ទៈក្នុងការចូលរួមក្នុងការចរចាដោយប្រយោលលើការអនុវត្តគោលការណ៍ «ដែលស្របតាមការទាមទាររបស់ប្រជាជន និងចលនាតស៊ូរបស់យើង»។
សេចក្តីសម្រេចចិត្តនេះជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ «អនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌរបស់ខ្លួនដោយមិនពន្យារពេល និងលក្ខខណ្ឌ»៕(ប្រែសម្រួលដោយ លោកសំណាង)
