បរទេស ៖ កាលពីថ្ងៃចន្ទទី ៣ ខែមិថុនា ឆ្នាំ២០២៤ ចិនបានបដិសេធការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា ខ្លួនកំពុងព្យាយាមរារាំងប្រទេសផ្សេងទៀតពីការចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពដែលបានគ្រោងទុកស្តីពីសង្រ្គាមនៅអ៊ុយក្រែន។
ថ្លែងកាលពីថ្ងៃអាទិត្យនៅឯវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរី លោកហ្សេលេនស្គីបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា «បានប្រឹងប្រែងយ៉ាងខ្លាំងសព្វថ្ងៃនេះដើម្បីរារាំងប្រទេសនានាកុំឱ្យមកកិច្ចប្រជុំកំពូលសន្តិភាព» ដែលប្រទេសស្វីសគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងខែនេះ។
អ៊ុយក្រែនសង្ឃឹមថាការប្រជុំនេះនឹងជួយឱ្យខ្លួនទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងទូលំទូលាយសម្រាប់ចក្ខុវិស័យរបស់ខ្លួនអំពីលក្ខខណ្ឌដែលត្រូវការដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។
ប៉ុន្តែចិនបានរិះគន់សន្និសីទនេះកាលពីសប្តាហ៍មុន ដោយនិយាយថា វានឹងពិបាកសម្រាប់ខ្លួនក្នុងការចូលរួមប្រសិនបើសម្ព័ន្ធមិត្តរុស្ស៊ីមិនចូលរួម។
ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទថា «ជំហររបស់ចិនគឺបើកចំហ និងមានតម្លាភាពហើយគ្មានភាពបន្ទាន់ណាមួយដែលយើងត្រូវដាក់សម្ពាធលើប្រទេសផ្សេងទៀតឡើយ»។
អ្នកនាំពាក្យលោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា «នៅលើការចរចាសន្តិភាព ជំហររបស់ចិនគឺស្មើភាព និងយុត្តិធម៌។ ចិនមិនបានកំណត់គោលដៅប្រទេសទីបីណាមួយឡើយ ហើយជាការពិតណាស់ គឺមិនមែនសំដៅលើស្វីសដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះនោះទេ»។
លោកស្រីបន្ថែមថា ចិន «ជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ដំណោះស្រាយដោយសន្តិវិធីនៃវិបត្តិនេះគួរតែត្រូវបានគាំទ្រ»៕ប្រែសម្រួលដោយលោក សំណាង)