ភ្នំពេញ ៖ ករណីឃាតកម្ម ចាក់សម្លាប់នារីម្នាក់ស្លាប់ភ្លាមៗ រួចបុរសជាឃាតករបានធ្វើអត្តឃាតចាក់ និងអារ ក ខ្លួនឯងបណ្ដាលឱ្យរបួសធ្ងន់ធ្ងរ បានកើតឡើងនៅចំណុចផ្ទះលេខ៣១ ផ្លូវលេខ៣៦ បុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង៣៤នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ។
សមត្ថកិច្ចមូលដ្ឋាននិយាយថា ជនសង្ស័យឈ្មោះ លឹម គីណែត ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ ឃាត់ខ្លួន និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព។
ចំណែកនារីរងគ្រោះឈ្មោះ មាស លក្ខិណា អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅផ្ទះកើតហេតុខាងលើ ត្រូវឃាតករចាក់ឱ្យរបួសច្រើនកន្លែងហើយស្លាប់ភ្លាមៗនៅក្នុងផ្ទះតែម្តង ។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ជា សុវណ្ណអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យបានរាយការណ៍មកការិយាល័យ និងការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យបានចាត់តាំងកម្លាំងជាបន្ទាន់ចុះទៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ខាងលើជនសង្ស័យបានចាក់ជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅបរិវេណខាងមុខផ្ទះ រួចបានចាក់ និងអារ កខ្លួនឯង បណ្ដាលឱ្យរបួស ហើយមានរថយន្តសង្គ្រោះមកដឹកជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យ។
យោងតាមការបំភ្លឺពីបុរសម្នាក់ ជាអ្នកជិតខាងជនរងគ្រោះបានឲ្យដឹងថា «នៅវេលាម៉ោងប្រហែល៣និង១០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ពេលខ្ញុំកំពុងនៅក្នុងផ្ទះ ស្រាប់តែឮសម្លេងមនុស្សស្រីស្រែក ទើបខ្ញុំចេញមកមើលឃើញជនសង្ស័យកំពុងធ្វើសកម្មភាពយកកាំបិតចាក់ទៅលើជនរងគ្រោះ នៅបរិវេណខាងមុខផ្ទះជនរងគ្រោះ ទើបខ្ញុំបានស្រែកហៅគេឯងឲ្យជួយ យកដំបង និងដុំថ្មគប់ទៅលើជនសង្ស័យ ហើយជនសង្ស័យបានយកកាំបិតអារ ក ខ្លួនឯងដួលទៅក្បែរជនរងគ្រោះ, ក្រោយមកសមត្ថកិច្ចបានមកដល់ និងទំនាក់ទំនងទៅរថយន្តសង្គ្រោះ នៅពេលគ្រូពេទ្យមកដល់បាននាំជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យ»។
បើយោងតាមការមើលកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យបានចុះពីលើរថយន្ដម៉ាកPRIUS ពណ៌ក្រហម ដែលចតនៅខាងមុខផ្ទះជនរងគ្រោះ រួចដើរសំដៅទៅផ្ទះជនរងគ្រោះ ដោយដៃកាន់ស្បោងពណ៌ខ្មៅ ផ្លោះចូលទៅក្នុងរបងផ្ទះរួចឮសម្លេងជនរងគ្រោះស្រែក ហើយរថយន្តPRIUS បានបើកទៅមុខបាត់ រួចក៏មានមនុស្សផ្អើលឆោឡោចេញពីក្នុងផ្ទះមកមើលតែម្តង។
យោងតាមកាមេរ៉ាសុវត្ថិភាពមួយទៀតឃើញថា ដំបូងជនសង្ស័យបានដើរមកខាងមុខរបងផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះកំពុងឈរដាក់ខោអាវចូលម៉ាស៊ីនបោកគក់ ហើយឮសម្លេងជនរងគ្រោះនិយាយប្រាប់ទៅជនសង្ស័យថា«មកធ្វើអី ចាំទៅក្រៅ ចាំទៅវត្ត»ហើយជនសង្ស័យបានផ្លោះរបងចូលមកក្នុងបរិវេណផ្ទះដកកាំបិតចេញពីក្នុងស្បោងពណ៌ខ្មៅ ចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត និងបានចាប់អារ ក ជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅលើថ្លុកឈាម, រួចជនរងគ្រោះបានដោះអាវយកកាំបិតចាក់ពោះ និងអារ ក ខ្លួនឯង បណ្តាលឲ្យដួលនៅក្បែរជនរងគ្រោះ ហើយក៏មានអ្នកជិតខាងយកដុំថ្ម ដំបងគប់ទៅលើជនសង្ស័យ ។នៅវេលាម៉ោង៣និង១០ នាទី ថ្ងៃដដែល ទើបឃើញមានរថយន្តសង្គ្រោះមកយកជនសង្ស័យចេញទៅមន្ទីរពេទ្យ។
យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា «នារីរងគ្រោះស្លាប់ដោយសារចាក់ និងអារ ក»។ សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុឈានដល់«សម្លាប់មនុស្ស? » ព្រោះកំពុងបន្តស្រាវជ្រាវនៅឡើយ៕(ដោយ ៖ SAKARA)