ភ្នំពេញ ៖ ជនសង្ស័យ០៥នាក់ ជំនាញកាប់ប្លន់ម៉ូតូ២៦ករណី និងម្នាក់ជំនាញទទួលផលចោរកម្ម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ និងដកហូតម៉ូតូ១០គ្រឿង ក្នុងនោះម៉ូតូជិះធ្វើសកម្មភាព២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន៨គ្រឿង ។
ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ឱ្យកម្លាំងគរបាលជំនាញព្រហ្មទណ្ឌ បានធ្វើការស្រាវរយៈពេល ប្រមាណ៣ខែ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យទាំង០៦នាក់នេះ មាន០៥នាក់ជាក្រុមធ្វើសកម្មភាពកាប់ប្លន់ នៅក្នុងរាជធានីភ្នំពេញ ចំនួន២៦ករណី ឯជនសង្ស័យម្នាក់ទៀត ជាអ្នកទទួលទិញផលចោរកម្ម ។ ក្នុងនោះក៏មានកិច្ចសហការពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការខេត្តនិងខណ្ឌដែលពាក់ព័ន្ធផងដែរ ។
ជនសង្ស័យ ទី១-ឈ្មោះ សុខ តុលា ២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ៤-ឈ្មោះ អេង សំណាងហៅ ចយ ៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង និង៦-ឈ្មោះ លី ហៃ ហៅ ហ៊ួ ជនជាតិ វៀតណាម មុខរបរ ទិញលក់ម៉ូតូ ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ចាប់យកខាងលើ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ ប៉ូច គឹមសុខ