ភ្នំពេញ ៖ អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយផលិតវីដេអូផ្សព្វផ្សាយលើផេក ក្រោមចំណងជើងថា « នេះជាវីដេអូសកម្មភាពក្រុមចាប់ក្មេង សូមបងប្អូនប្រុងប្រយ័ត្នឱ្យបានខ្ពស់…» ធ្វើឱ្យសាធារណៈជនមានការភ័ន្ដច្រលំយ៉ាងខ្លាំង លើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម ។
សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហាញថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពី ព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូ ដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះ គឺជាការសម្ដែង ធ្វើឲ្យសាធារណៈជន មានការភ័ន្ដច្រលំយ៉ាងខ្លាំង លើការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម។
បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នាយកដ្ឋានសូមក្រើនរំលឹក ដល់សាធារណជនទាំងអស់ ត្រូវពិនិត្យ និងវិនិឆ័យឲ្យបានច្បាស់មុនផលិត ឬផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយ ដែលអាចធ្វើឲ្យសាមីខ្លួនបំពានលើច្បាប់ ៕ ដោយ ៖ គា សំណាង