ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ខ្សែក ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនឡើងតុលាការ នាថ្ងៃទី៧ធ្នូឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់តាមផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង បានសម្រេច។
មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។
មន្ត្រីដដែលបន្តថា កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ។
ពេលនោះស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃទី៧ធ្នូឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕(ដោយ ធ្នូជ័យ)