បរទេស ៖ ការកត់ត្រាសម្ងាត់បានលាតត្រដាងឱ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាតាមប្រមាញ់និងសម្លាប់មេដឹកនាំក្រុមហាម៉ាស «មិនថាពួកគេលាក់ខ្លួននៅកន្លែងណាលើពិភពលោក» បើទោះជាត្រូវចំណាយពេលច្រើនឆ្នាំយ៉ាងណាក៏ដោយ។
ប្រមុខ Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខរបស់ប្រទេស ត្រូវគេស្តាប់ឮក្នុងឃ្លីបមួយ ដែលប្រៀបធៀបការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣ ទៅនឹងការវាយប្រហារភេរវកម្មពីមុននៅឯកីឡាអូឡាំពិកទីក្រុងMunich ។
លោកបាននិយាយថា «គណៈរដ្ឋមន្ត្រីសង្រ្គាមបានផ្តល់ឱ្យយើងនូវគោលបំណងមួយ គឺ លុបបំបាត់ក្រុមហាម៉ាសឱ្យបាន ហើយយើងប្តេជ្ញាចិត្តដើម្បីធ្វើដូច្នេះឱ្យខាងតែបាន។ នេះគឺជាទីក្រុង Munich របស់យើង»។
ក្នុងឆ្នាំ ១៩៧២ ភេរវករប៉ាឡេស្ទីនបានវាយប្រហារក្រុមអត្តពលិកអ៊ីស្រាអែលនៅឯកីឡាអូឡាំពិក ហើយបានសម្លាប់អត្តពលិក ១១ នាក់។ អស់ជាច្រើនឆ្នាំក្រោយមក ប្រទេសនេះបានសងសឹកយ៉ាងបង្ហូរឈាមប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវ រួមទាំងប្រតិបត្តិការដែលមានឈ្មោះកូដថា «Wrath of God»ដែលលោក Steven Spielberg យកមកនិពន្ធជាខ្សែភាពយន្ត Munich ឆ្នាំ ២០០៥ ដែលកំណត់មុខសញ្ញាលើសមាជិក ៩ នាក់នៃក្រុមទទួលខុសត្រូវ។ពួកគេត្រូវបានតាមដាននៅទីក្រុងរ៉ូម ប៉ារីស និង បៃរូត ហើយធ្វើឃាដក្នុងរយៈពេលប្រាំពីរឆ្នាំ។
ក្នុងការសម្លាប់រង្គាលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ មានមនុស្សយ៉ាងហោចណាស់ ១.២០០នាក់ ត្រូវបានសម្លាប់និងជាង ២០០នាក់ត្រូវចាប់ពង្រត់។
នៅក្នុងការសារជាសំឡេងដែលចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Kan កាលពីយប់ថ្ងៃអាទិត្យ ប្រធានសន្តិសុខលោក Ronan Bar អាយុ ៥៨ ឆ្នាំអាចត្រូវគេស្តាប់ឮនិយាយថា «យើងកំពុងរៀនមេរៀនរបស់យើងរួចហើយពីព្រឹត្តិការណ៍ [ថ្ងៃទី ៧ ខែតុលា]»។
«វានឹងត្រូវសម្រេចឱ្យបាននៅគ្រប់ទីកន្លែងដែលចាំបាច់ ក្នុងតំបន់ហ្គាហ្សា វេសប៊ែង លីបង់ តួកគី កាតា ។ វានឹងចំណាយពេលពីរបីឆ្នាំ ប៉ុន្តែយើងនឹងនៅទីនោះដើម្បីធ្វើវា»។
សារដដែលបន្តទៀតថា«ទំនួលខុសត្រូវផ្នែកសន្តិសុខគឺជារបស់យើង។ កាតព្វកិច្ចរបស់យើងគឺផ្តល់ទាំងសន្តិសុខនិងអារម្មណ៍សុវត្ថិភាព។ ជាអកុសលនៅថ្ងៃទី ៧ ខែតុលា យើងមិនបានជោគជ័យក្នុងការធ្វើវានោះទេ។ ខ្ញុំគិតថាយើងស្ថិតនៅលើគន្លងផ្លូវឡើងឆ្ពោះទៅលើ»៕(ប្រែសម្រួលដោយ លោកសំណាង)