បរទេស ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែធ្នូឆ្នាំ២០២៣ថា យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួន១១នាក់ ត្រូវបានប្រទះឃើញបាត់បង់ជីវិតនិងបីនាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយក្រុមរុករក ដែលធ្វើការទាំងយប់ដើម្បីស្វែងរកមនុស្សបាត់ខ្លួន បន្ទាប់ពីការផ្ទុះភ្នំភ្លើងមួយនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។
ភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា ដែលមានកម្ពស់២.៨៩១ម៉ែត្របានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយព្រួសផេះភ្នំភ្លើងទៅលើមេឃកម្ពស់៣.០០០ម៉ែត្រ ដែលបាចសាចកម្ទេចកម្ទីភ្នំភ្លើងទៅលើភូមិឋានក្បែរៗនោះ។
មន្ត្រីមកពីទីភ្នាក់ងារក្នុងស្រុកនិងថ្នាក់ជាតិបានកែប្រែចំនួនអ្នកឡើងភ្នំនៅចុងសប្តាហ៍នេះត្រឹម ៧៥ នាក់ ប៉ុន្តែក្រុមរុករកបានរកឃើញអ្នកបាត់បង់ជីវិតទាំង ១១ នាក់នៅក្បែរភ្នំភ្លើងកាលពីព្រឹកថ្ងៃចន្ទនេះ។
លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះ Padang បាននិយាយមួយថ្ងៃបន្ទាប់ពីការផ្ទុះនេះថា«មានមនុស្ស ២៦ នាក់មិនត្រូវបានជម្លៀសចេញទេ យើងបានរកឃើញ ១៤ នាក់ ដែលក្នុងចំណោមនោះ ៣នាក់ត្រូវបានរកឃើញនៅរស់ និង ១១ នាក់ត្រូវបានប្រទះឃើញស្លាប់»។
លោកបាននិយាយថា១២នាក់នៅតែបាត់ខ្លួន ហើយ៤៩នាក់បានចុះពីលើភ្នំ ហើយខ្លះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
មន្ត្រីដដែលបាននិយាយថា អ្នកនៅរស់រានមានជីវិតទាំងបីនាក់ត្រូវបានរកឃើញនៅជិតមាត់រណ្ដៅភ្នំភ្លើង ហើយ«ស្ថានភាពរបស់ពួកគេគឺខ្សោយ ហើយអ្នកខ្លះរលាកភ្លើង»។
ក្រុមអ្នកជួយសង្គ្រោះបានប្តូរវេនគ្នាសែងអ្នកស្លាប់ចុះពីភ្នំដោយសារស្ថានភាពផ្លូវលំបាក៕(ប្រែសម្រួលដោយ លោកសំណាង)