បរទេស ៖ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង ១៦ នាក់កាលពីយប់ថ្ងៃពុធម្សិលមិញ ក្នុងការដោះដូរចុងក្រោយសម្រាប់អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំខ្លួនក្រោមបទឈប់បាញ់នៅហ្កាហ្សា ខណៈដែលអ្នកសម្រុះសម្រួលអន្តរជាតិ សម្រេចបាននូវការបន្តបទឈប់បាញ់ដើម្បីអនុញ្ញាតឱ្យមានការដោះដូរបន្ថែមទៀត និងពន្យារពេលការវាយលុកតាមជើងអាកាសនិងជើងគោករបស់ទាហានអ៊ីស្រាអែល។
ទាហានអ៊ីស្រាអែលបាននិយាយថា ក្រុមស្ត្រីនិងកុមារជនជាតិអ៊ីស្រាអែលចំនួន ១០ នាក់ និងជនជាតិថៃ ៤នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ កន្លែងដែលពួកគេកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ។ មុននេះ ស្ត្រីជនជាតិរុស្ស៊ី-អ៊ីស្រាអែលពីរនាក់ត្រូវបានដោះលែងដោយក្រុមហាម៉ាសនៅក្នុងការដោះលែងដាច់ដោយឡែកមួយ។ ចំណែកខាងភាគីអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន៣០នាក់ជាថ្នូរនឹងការដោះលែងខាងលើនេះ។
ឯក្រុមអ្នកចរចាកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដាក់ចេញនូវព័ត៌មានលម្អិតសម្រាប់ការបន្តបទឈប់បាញ់បន្ថែមទៀតឱ្យហួសពីកាលកំណត់ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។ តែកិច្ចចរចានេះហាក់កាន់តែមានភាពតឹងតែងឡើង ខណៈដែលស្ត្រីនិងកុមារភាគច្រើន ដែលចាប់ដោយក្រុមហាម៉ាស ត្រូវបានដោះលែង ហើយក្រុមសកម្មប្រយុទ្ធត្រូវគេរំពឹងថានឹងស្វែងរកការដោះលែងកាន់តែច្រើនជាថ្នូរនឹងការដោះលែងបុរសនិងទាហាន។
ចំពោះសម្ពាធអន្តរជាតិបានបង្កើនឱ្យមានបទឈប់បាញ់ជាបន្តឱ្យបានយូរតាមដែលអាចធ្វើទៅបាន បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជិតប្រាំបីសប្តាហ៍ និងយុទ្ធនាការជើងគោកនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបពាន់នាក់ ដោយបណ្តាលឱ្យបីភាគបួននៃប្រជាជន ២,៣ លាននាក់ភៀសខ្លួន និងនាំឱ្យមានវិបត្តិមនុស្សធម៌។
ចំណែកខាងអ៊ីស្រាអែលបានស្វាគមន៍ការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយនិយាយថា «ខ្លួននឹងរក្សាបទឈប់បាញ់ ប្រសិនបើក្រុមហាម៉ាសបន្តដោះលែងចំណាប់ខ្មាំង»។
លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បានគូសបញ្ជាក់កាលពីថ្ងៃពុធថា «អ៊ីស្រាអែលនឹងបន្តយុទ្ធនាការរបស់ខ្លួនដើម្បីលុបបំបាត់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សាអស់រយៈពេល ១៦ ឆ្នាំ និងរៀបចំការវាយប្រហារដ៏សាហាវទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្គ្រាមនេះ»។
លោកបន្តថា «បន្ទាប់ពីដំណាក់កាលនៃការបញ្ជូនជនចាប់ពង្រត់របស់យើងមកវិញអស់ហើយ តើអ៊ីស្រាអែលនឹងត្រឡប់ទៅប្រយុទ្ធវិញទេ? ដូច្នេះចម្លើយរបស់ខ្ញុំគឺត្រូវតែប្រយុទ្ធជាដាច់ខាត។ គ្មានផ្លូវដែលយើងមិនវិលទៅប្រយុទ្ធវិញរហូតដល់ទីបញ្ចប់នោះទេ»៕(ប្រែសម្រួលដោយ លោកសំណាង)