កណ្តាល ៖ បុរសម្នាក់ទៅយាមចម្ការ ក៏ជួបបុរសម្នាក់ដើរចូលចម្ការសួរមិនឆ្លើយ ហើយក៏បាញ់ចំពាមមកលើម្ចាស់ចម្ការបែកឈាមក្បាល ហើយត្រូវម្ចាស់ចម្ការកាប់នឹងកាំបិតដាច់ត្រឹមកជើងឆ្វេង ដែលអំពើហិង្សាគុមានហេតុផលខាងលើកើតឡើង នាថ្ងៃអាទិត្យ ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចដីចំការដាំបន្លែភូមិព្រែកបាក់ ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ម៉េង វ៉ាន់ឌីភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកបាក់ ឃុំ ព្រែកទន្លាប់ ស្រុក លើកដែក ខេត្តកណ្ដាល រងរបួសដាច់កជើងឆ្វេង ។
ចំណែកជនសង្ស័យឈ្មោះគង់ សុផាត ហៅសៅ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅភូមិព្រែកបាក់ ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ វត្ថុតាងចាប់យក កាំបិតផ្គាក់ផ្លែដែកប្រវែង០,៤០cmដងធ្វើពីឫស្សីប្រវែង០,៨៨cmចំនួន០១ដើម, ចំពាមចំនួន០២ និងគ្រាប់ឃ្លីធំចំនួន១២គ្រាប់ គ្រាប់ឃ្លីតូច១០គ្រាប់ .គ្រាប់បាដាងកង់១០គ្រាប់ និងគ្រាប់ដែកកាត់ប្រវែង១ថ្នាំងដៃចំនួន២៥គ្រាប់ ជារបស់ជនសង្ស័យ។
សមត្ថកិច្ចបន្តថា ដំបូងនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១១យប់ជនសង្ស័យឈ្មោះគង់ សុផាត ហៅសៅបានចុះទៅយាមដីដាំបន្លែដោយកន្លងមកបានបាត់ប្រេងម៉ាស៊ីនបូមទឹកជាប្រចាំ ,ពេលមកដល់ដីចម្ការវេលាម៉ោងប្រហែល ១១ជាង ជនសង្ស័យបានចាំឃ្លាំមើល ។
សមត្ថកិច្ចបន្តថា បន្តិចក្រោយជនរងគ្រោះបានដើរចូលមកដីចម្ការបន្លែរបស់ខ្លួន ពេលនោះជនសង្ស័យបានស្រែកសួរថា «ពីណាគេដើរចូលមក»ដោយមិនមានការឆ្លើយតប ហើយភាគីខាងជនរងគ្រោះក៏យកចំពាមបាញ់ចំនួន២គ្រាប់មកលើជនសង្ស័យបណ្ដាលឱ្យចំក្បាលបែកឈាម។
ជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ជនរងគ្រោះបណ្ដាលឱ្យដាច់កជើងខាងឆ្វេងត្រឹមភ្នែកគោចេញពីគ្នាស្រាប់តែឈ្មោះម៉េង វ៉ាន់ឌី(ជនរងគ្រោះ)បានយកចំពាមបាញ់ទៅលើជនសង្ស័យចំក្បាលខាងឆ្វេងបណ្ដាលបែកឈាម រួចមកបក្សពួកជនរងគ្រោះបានចេញមកព័ទ្ធ ហើយជនសង្ស័យក៏បានរត់ស្រែកថា«ចោរៗប្លន់»ឱ្យគេជួយរួចឡើងមកភូមិបាត់។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកមន្ទីពេទ្យបង្អែកស្រុក រួចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃរាជធានីភ្នំពេញ ។ចំណែកជនសង្ស័យកំពុងព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកលើកដែក ដោយកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារនៅយាមនិងឃ្លាំមើលប្រចាំការនៅមន្ទីពេទ្យ ។ ជុំវិញករណីនេះ សមត្ថកិច្ចបញ្ជាក់ថាជាករណី«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»៕(ដោយ ធ្នូជ័យ)