ប្រទេសកូរ៉េខាងត្បូង គ្រោងហាមស៊ីសាច់ឆ្កែ ត្រឹមឆ្នាំ២០២៧

បរទេស ៖ លោកប្រធានគោលនយោបាយមៃគណបក្សកាន់អំណាចប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃសុក្រថា «កូរ៉េខាងត្បូងគ្រោងនឹងហាមស៊ីសាច់ឆ្កែ ត្រឹមឆ្នាំ២០២៧ ចំពេលមានការកើនឡើងនៃការយល់ដឹងអំពីសិទ្ធិសត្វ»។

លោក យូ អ៊ីវដុង (Yu Eui-dong) ប្រធាន​គោលនយោបាយ​នៃ​គណបក្ស​អំណាច​ប្រជាជនដែល​កំពុង​កាន់​អំណាច ​បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាលនិងសកម្មជនសិទ្ធិសត្វ​ថា ​«វា​ដល់​ពេល​ហើយ​ដើម្បី​បញ្ចប់​ជម្លោះ​សង្គម​និង​ភាព​ចម្រូងចម្រាស​ ជុំវិញ​ការស៊ីសាច់​ឆ្កែ​ តាម​រយៈ​ការ​អនុម័ត​ច្បាប់ពិសេសមួយ​ដើម្បី​បញ្ចប់​វា​»។

លោកយូ  អ៊ីវដុង បាននិយាយថា រដ្ឋាភិបាលនិងគណបក្សកាន់អំណាចនឹងដាក់ចេញនូវសេចក្តីព្រាងច្បាប់នៅឆ្នាំនេះដើម្បីអនុវត្តការហាមប្រាម ដោយបន្ថែមថា ជាមួយនឹងការគាំទ្រពីបក្សស្របនិងជំទាស់ដែលបានរំពឹងទុក ច្បាប់នេះគួរតែឆ្លងកាត់សភាបាន។

ចំណាត់ការខាងលើ ដែលក្រុមការពារសត្វបានប្រកាសថាជា «ការប្រកាសជាប្រវត្តិសាស្ត្រ ខណៈដែលការប្រឆាំងទៅនឹងការស៊ីសាច់ឆ្កែនៅតែបន្តកើនឡើង ជាពិសេសក្នុងចំណោមមនុស្សជំនាន់ក្រោយ»។

ចំណែកអង្គការ Humane Society International បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការសម្រេចចិត្តនេះ គឺជាសុបិន្តក្លាយជាការពិតសម្រាប់យើងទាំងអស់គ្នា ដែលបានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាដើម្បីបញ្ចប់ភាពឃោរឃៅនេះ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *