ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត ចោលកូនប្រុសស្រីពីរនាក់ឱ្យនៅកំព្រា បន្ទាប់ពីដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូដែលជិះដោយជនជាតិបរទេស បើកមកបុកពេញទំហឹង កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចមុខវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
តាមសម្ដីប្ដីរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះខាងលើឈ្មោះ ចុច ចុច អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរដើររើសអេតចាយ ស្នាក់នៅវត្តសារ៉ាវ័ន្ត មានស្រុកកំណើត នៅវត្តឈូកវ៉ា អតីតខណ្ឌដង្កោ បានស្លាប់ចោលកូនប្រុសស្រីពីរនាក់ឱ្យនៅកំព្រា។
យោងតាមបុរសម្នាក់ដែលឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគាត់ឃើញស្ត្រីរងគ្រោះខាងលើបានដើរឆ្លងផ្លូវ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកHONDA XR ពណ៌ក្រហមស៊េរីឆ្នាំ២០០៣ បើកបរដោយជនជាតិអង់គ្លេសម្នាក់ តាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូងយ៉ាងលឿនបានមកបុកពេញទំហឹង ប៉ើងស្រ្តីរងគ្រោះជាង១០ម៉ែត្របណ្ដាលឲ្យបោកក្បាលលើថ្នល់បាត់បង់ជីវិតភ្លាមៗមួយរំពេច។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុបាននាំជនជាតិបរទេសទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ដើម្បីសួនាំនិងបន្តតាមនីតិវិធីនៃច្បាប់។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ ៖ ធ្នូជ័យ)